ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទជាមួយក្រូអាស៊ី ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព ព្រមទាំងនាំមកនូវផលប្រយោជន៍ជូនប្រជាជនទាំងពីរ។
នាឱកាសអនុញ្ញាតឲ្យលោក Ivan Velimir Starčević ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសក្រូអាស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ សម្តេច សាយ ឈុំ បានជំនឿជាក់ថា ក្រូអាស៊ី នឹងខិតខំបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរជាងទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងប្រជាជនក្រូអាស៊ី ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
សម្ដេចបញ្ជាក់ថា «ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ ជាមួយនឹង ឯកឧត្តមឯកអគ្គរាជទូត ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ ទៅវិញទៅមក ជូនប្រជាជន និងប្រទេសទាំងពីរ»។
ក្នុងឱកាសនោះ លោក Ivan Velimir Starčević ឯកអគ្គរាជទូត បានកត់សម្គាល់ឃើញថា កម្ពុជាមានការផ្លាស់ប្តូរ និងរីកចម្រើន លើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ លោកជឿជាក់ថា ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនថែមទៀត។
តាមរយៈបេកសកកម្មការទូត នាពេលនេះ លោកបានត្រៀមខ្លួនជាស្រេច ដើម្បីខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្ថែមទៀត ៕