ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យពុទ្ធាភិសេក ព្រះពុទ្ធបរមគ្រូអភយមុទ្ទ មហាតេជោ និងសម្ពោធ មហាកុដិ រួមជាមួយ សមិទ្ធិផលនានា នៅវត្ដពោធិបន្ទាយ ស្ថិតក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្កពិធីទាំងមូល ដោយក្តឺនឹករលឹក និងការគិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។
លោកស្រីបានបន្តថា « ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំផ្សេងទៀត របស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំ មកនូវសុខសន្ដិភាព ជូនប្រទេសជាតិ ដែលបានផ្តល់ឱកាស ឲ្យបងប្អូនទាំងអស់គ្នា អាចប្រារព្ធពិធី ព្រះពុទ្ធសាសនា តាមទំនៀមទម្លាប់បែបប្រពៃណី សាសនារបស់ជាតិ ។ សមិទ្ធិផលដែលបានពុទ្ធាភិសេក និងសម្ពោធដាក់ឲ្យប្រើ ប្រាស់នៅក្នុវត្តពោធិ៍បន្ទាយនាពេលនេះ គឺបាន មកពីទឹកចិត្ត និងសទ្ធាជ្រះថ្លារបស់ លោកនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជន ដែលបានចំណាយថវិកាអស់ ៥៧១.៥៦៥$ ក្នុងការកសាង ។ មិនត្រឹមតែប៉ុណ្ណោះ លោក លោកស្រីក៏បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការកសាងសមទ្ធិផលនានា ជាច្រើនទាំងក្នុងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ខេត្តស្វាយរៀងផងដែរ ។
លោកស្រីក៏បានបន្តទៀតថា ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់ តែ ជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់បណ្តុះ នូវបញ្ញាញ្ញាណ និងជា ថ្នាលសម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការកសាងជាតិ ក្នុងគ្រប់វិស័យផងដែរ។
លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សា នូវសមិទ្ធិផល ដែលយើងបានសម្ពោធក្នុងថ្ងៃនេះឲ្យ បានគង់វង្ស ឋិតស្ថេរ ដើម្បីទុកជាទីសក្ការៈ និងជាទីកន្លែងគោរពប្រត្តិបត្តិផ្នែកសាសនា ជាពិសេស អនុវត្តវិធានការណ៍ ៣ការពារ៣កុំ ឲ្យបានទាំងអស់គ្នា ៕