ភ្នំពេញ: លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាពសាស្រ្តាចារ្យ បុគ្គលិកអប់រំ គរុនិសិ្សត និងនិស្សិតចំនួន ២.៧៥៦រូប ជាសជាសមាជិកគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។
លោកបណ្ឌិត សូមចូលរួមសប្បាយរីករាយជាមួយលោក លោកស្រី សាស្ត្រាចារ្យ បុគ្គលិកអប់រំ គរុនិសិ្សត និងនិស្សិតទាំងអស់ ដែលកំពុងពាក់អាវគណបក្សដ៏ស្រស់ស្អាត និងឯកភាពគ្នា ដែលជានិមិត្តរូបនៃការចូលមករួមរស់ក្នុងជីវភាពជាមួយមហាគ្រួសារនៃគណបក្សប្រជាជនកម្ពុជា។ គណបក្សយើងជាគណបក្សដែលមានការអភិវឌ្ឍរីកចម្រើនរឹងមាំឥតឈប់ឈរ ដោយមានមូលដ្ឋានពីស្មារតីសាមគ្គីភាព, ការតម្កល់ផលប្រយោជន៍ជាតិជាធំ និងមានគោលនយោបាយមុតស្រួច ជាមួយនឹងភាពបត់បែន សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវបុព្វហេតុតែមួយគត់ និងឥតងាករេពីមួយជំនាន់ទៅមួយជំនាន់ គឺការបម្រើផលប្រយោជន៍ប្រជាជន និងអភិឌ្ឍប្រទេសជាតិ។
លោកម៉ាណែត បានរំលេចថា គណបក្សប្រជាជនកម្ពុជាបានផ្តល់នូវភាពកក់ក្តៅជូនសមាជិក សមាជិកា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសតាមរយៈ ការរក្សានូវគុណតម្លៃកេរ្តិ៍ឈ្មោះរបស់ខ្លួនជាអ្នកដែលប្រជាពលរដ្ឋស្រលាញ់ និងជឿជាក់ ចំពោះឆន្ទៈ និងសកម្មភាព ដូចដែលបានអនុវត្តកន្លងមក ក្នុងនាមជាស្ថាបនិកនៃសន្តិភាព អ្នកការពារស្ថិរភាព អគ្គមគ្គទេសក៍នៃការអភិវឌ្ឍ ដែលស្ថិតនៅជាប់នឹងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ទន្ទឹមនឹងនេះ គណបក្សកំពុងបន្តជំរុញការអភិវឌ្ឍ និងទំនើបកម្មសមត្ថភាពរបស់ខ្លួនឱ្យបានធំធេងលើមូលដ្ឋាននៃចំណេះដឹង និងបទពិសោធន៍ដែលមានជាង ៧០ ឆ្នាំកន្លងមកនេះ ដើម្បីធានាក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត។ លើសពីនេះគណបក្សប្តេជ្ញាដាច់ខាតបន្តថែរក្សាសន្តិភាព ស្ថិរភាព និងផ្តល់ឱកាស បង្កលក្ខណៈឱ្យគ្រប់គ្នាបានទទួលផល និងក្តីសង្ឃឹមទាំងពេលបច្ចុប្បន្ន និងអនាគត សម្រាប់ប្រយោជន៍ខ្លួនឯង សង្គមគ្រួសារ និងសង្គមជាតិ។
លោក បានបន្តថា សម្តេចតេជោ ជាថ្នាក់ដឹកនាំ ដែលមានសមត្ថភាពលើសលប់ក្នុងការកាន់ចង្កូតដឹកនាំប្រទេសទាំងក្នុងកាលៈទេសៈសង្គ្រាម និងសន្តិភាព ប្រកបដោយភាពម៉ឺងម៉ាត់ ហ្មត់ចត់និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានទឹកចិត្តចំហរទូលំទូលាយក្នុងការទទួលនូវមតិយោបល់ពីគ្រប់មជ្ឈដ្ឋានប្រយោជន៍ក្នុងការសិក្សា ស្រាវជ្រាវ និងពិចារណាល្អិតល្អន់ប្រកបដោយហេតុផល។ មួយវិញទៀត សម្តេច តែងបានផ្តល់នូវការគាំទ្រគ្រប់បែបយ៉ាងសម្រាប់សកម្មភាពយុវជន សិស្ស-និស្សិតក្នុងការងារសង្គម និងនយោបាយ សំដៅរួមចំណែកក្នុងការដុសខាត់កម្លាំងបន្តវេនឱ្យមានភាពមុតស្រួច ស័ក្តិសមជាសសរទ្រូង និងអនាគតដ៏រឹងមាំរបស់ប្រទេសជាតិ៕























