ព័ត៌មានជាតិ

សម្ដេចតេជោ​ ប្រកាសថា​ត្រកូល​ ហ៊ុន​ គ្រប់ជំនាន់ស្មោះត្រង់ចំពោះព្រះមហាក្សត្រ​ រាជបល្ល័ង្គ​ និងរបបរាជានិយម

ភ្នំពេញ​ ៖​ នាកាសពិធីបុណ្យសព​ សម្ដេចឧត្ដមទេពញាណ​ ហ៊ុន​ ណេង  សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ដ្រី​ នៃកម្ពុជា​ បានថ្លែងថា​ ត្រកូល​ ហ៊ុន​ នៅគ្រប់ជំនាន់មានការស្មោះត្រង់ចំពោះព្រះមហាក្សត្រ​ រាជបល្ល័ង្គ​ និងរបបរាជានិយម។

តាមរយៈគេហទំព័រហ្វេសប៊ុក​ នៅយប់ថ្ងៃទី៧​ ខែ​ឧសភា​ ឆ្នាំ​២០២២​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានសរសេរ​ថា​ “បងប្រុស​ ទោះបីបងបានចែកឋានទៅហើយក្តី តែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិ សាសនា​ និងព្រះមហាក្សត្រជានិច្ច”។ 

សម្ដេចតេជោ​ បន្ដថា​ មុននេះបន្តិច​ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ បានប្រោសប្រទាននូវគោរមងារសម្រាប់បង​ គឺជាសម្តេចឧត្តមទេពញាណហ៊ុន ណេង។ 

សម្ដេចតេជោ​ បន្ថែមថា​ “តើបងនៅចាំទេ​ គឺក្បែរកន្លែងតំកល់សពបងនេះហើយដែលបង​ និងខ្ញុំចូលរួមធ្វើបាតុកម្ម ប្រឆាំងពួកធ្វើរដ្ឋប្រហារ​ និងទាមទារប្រគល់តំណែងថ្វាយសម្តេចឪ​ យើងវិញ​ កាលពីថ្ងៃ២៣​ មិនា​ ១៩៧០ដែលពេលនោះបងអាយុ២០ឆ្នាំ​ ឯខ្ញុំអាយុ១៨ឆ្នាំ”។ 

សម្ដេចតេជោ​ បញ្ជាក់​ថា​ “ត្រកូលហ៊ុនរបស់យើងគ្រប់ជំនាន់តាំងពីជីដូនជីតា ឪពុកម្តាយយើងរហូតដល់ខ្លួនយើង តែងមានការស្មោះត្រង់ចំពោះព្រះមហាក្សត្រចំពោះរាជបល្ល័ង្គ និងរបបរាជានិយម។​ ប្អូនជឿជាក់ថា​ កូនចៅយើងទាំងអស់នឹងដើរតាមផ្លូវដែលយើងបានដើរកន្លងមក ដោយធានាដល់កិច្ចការពាររបបរាជានិយមការពារព្រះមហាក្សត្រ​ និងព្រះរាជបល្ល័ង្ក ដោយការស្មោះត្រង់”។ 

សូមបញ្ជាក់ថា សម្ដេចឧត្ដមទេពញាណ​ ហ៊ុន​ ណេង​ ដែលបងប្រុសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ។

សពរបស់ សម្ដេចឧត្ដមទេពញាណ​ ហ៊ុន​ ណេង​ បានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពលោក ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

To Top