ភ្នំពេញ ៖ បន្ទាប់ពីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា អស់រយៈពេល៣ថ្ងៃ រួចមក នៅវេលាព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រ មណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលត្រូវជាបងប្រុសបង្កើត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានក្រុមគ្រួសាររៀបចំ ពិធីដង្ហែចេញពីគេហដ្ឋាន ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា ។

ពិធីដង្ហែសព សម្តេច ហ៊ុន ណេង ទទួលបានមហាកិត្តិយស ពីវត្តមាន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន រួមទាំងឥស្សរជនជាថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមដង្ហែពីគេហដ្ឋាននៃសព ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីភ្នំប្រុស៕



