ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ទុកពេល២ខែ ឲ្យក្រុមហ៊ុន SINGMENG រើខ្សែកាប្លិ៍ជាបន្ទាន់ ក្រោយរំលាយកិច្ចសន្យា ជួលបង្គោលភ្លើងបំពាក់ខ្សែកាប្លិ៍អុបទិក (Video)

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានទុករយៈពេល២ខែឲ្យក្រុមហ៊ុន CAMBODIAN SINGMENG Telemedia CO.,LTD រុះរើខ្សែកាប្លិ៍ចេញជាបន្ទាន់ ក្រោយរំលាយកិច្ចសន្យាជួលបង្គោលភ្លើងបំពាក់ខ្សែកាប្លិ៍អុបទិក បន្ទាប់ពីក្រុមហ៊ុនជំពាក់បំណុលជាច្រើនខែមិនទាន់បានទូទាត់ ។

យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នាពេលថ្មីៗនេះ បានឲ្យដឹងថា អគ្គិសនីកម្ពុជា បានព្យាយាមទំនាក់ទំនងទៅក្រុមហ៊ុនតាមមធ្យោបាយជាច្រើន ដើម្បីដោះស្រាយបញ្ហាតែមិនទទួលបានលទ្ធផល ក្រោមមូលហេតុក្រុមហ៊ុនត្រូវបានផ្លាស់ប្ដូរទីតាំង ដោយពុំបានបន្សល់ទុកនូវលទ្ធភាពសម្រាប់ការទាក់ទង។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា «ស្នើក្រុមហ៊ុន CAMBODIAN SINGMENG Telemedia CO.,LTD និងតតិយជន ដែលកំពុងបំពាក់ខ្សែកាប្លិ៍អុបទិក លើបង្គោលភ្លើងរបស់អគ្គិសនីកម្ពុជា តាមរយៈទំនាក់ទំនងផ្សេងៗជាមួយក្រុមហ៊ុន SINGMENG ត្រូវធ្វើការទូទាត់ប្រាក់ថ្លៃឈ្នួលបង្គោលភ្លើងទាំងអស់ ដែលនៅជំពាក់អគ្គិសនីកម្ពុជាឲ្យរួចរាល់ និងរុះរើខ្សែកាប្លិ៍អុបទិករបស់ខ្លួនឲ្យអស់ចេញពីបង្គោលភ្លើងរបស់អគ្គិសនីកម្ពុជា ក្នុងអំឡុងពេល២ខែ គិតពីថ្ងៃជូនដំណឹងនេះ»។

អគ្គិសនីកម្ពុជា ក៏បានព្រមានថា ប្រសិនបើផុតរយៈពេលកំណត់ អគ្គិសនីកម្ពុជានឹងចាត់វិធានការ ប្តឹងទៅតុលាការ ដោយទាមទារបំណុលទាំងអស់ពីក្រុមហ៊ុន និងតតិយជនពាក់ព័ន្ធ រួមទាំងធ្វើការរុះរើខ្សែកាប្លិ៍អុបទិករបស់ក្រុមហ៊ុនចេញពីបង្គោលភ្លើងរបស់អគ្គិសនីកម្ពុជា ដោយមិន ទទួលខុសត្រូវលើការខូចខាតទាំងឡាយកើតឡើងពីការរុះរើនេះឡើយ ហើយសោហ៊ុយចំណាយផ្សេងៗលើការងារនេះ ក៏នឹងត្រូវប្តឹងទាមទារថែមទៀត ៕

To Top