ព័ត៌មានជាតិ

ក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ សហគ្រិនភាព បានកំណត់អនាគត សម្រាប់កិច្ចគាំទ្រ សហគ្រិនភាពកម្ពុជា

ភ្នំពេញ ៖ មូលនិធិអភិវឌ្ឍន៍ សហគ្រិនភាព ត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវការគាំទ្រ និងផ្តល់ឱកាសទៅដល់ ប្រជាជន នៅក្នុងសង្គមកម្ពុជា ក្នុងការបោះជំហ៊ានថ្មីមួយ ដើម្បីចូលរួមបង្កើតភាព រីកចម្រើនក្នុងប្រព័ន្ធអេកូឡូស៊ី នៃសហគ្រិនភាព នៅកម្ពុជា បន្ទាប់ពីវិបត្តិរយៈពេល២ឆ្នាំ ដោយសារជំងឺរាតត្បាត ជាសកលកូវីដ-១៩ ។

វិស័យសហគ្រិនភាពនៅកម្ពុជា បានមានដំណើរការយ៉ាងសកម្ម ក្នុងមួយរយៈពេលចុងក្រោយនេះ ដែលមានអាជីវកម្មខ្នាតតូច និងមធ្យមរាប់ពាន់ និងប្រតិបត្តិករអាជីវកម្មជាច្រើនទូទាំងប្រទេស ហើយវប្បធម៌សហគ្រិនភាព នៅក្នុងប្រទេស កំពុងតែបន្តមានសន្ទុះទៅមុខជាលំដាប់។ ឥឡូវនេះ ជាមួយនឹងការដាក់ចេញទិសដៅការងារ និងការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ សហគ្រិនភាពហៅកាត់ថា ម.អ.ស. (EDF) និង ស្ថាប័នដៃគូពាក់ព័ន្ធនានា ប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការបោះជំហ៊ាន ទៅរកការអភិវឌ្ឍ នៅដំណាក់កាលបន្ទាប់។

នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២, ប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំលើកទី ១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍ សហគ្រិនភាព (ម.អ.ស.) នៅទីស្តីការសហគ្រិនខ្មែរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកបណ្ឌិត ដែលជាសមាជិកនិងទីប្រឹក្សានៃក្រុមប្រឹក្សាបរធនបាល ម.អ.ស. ដើម្បីពិនិត្យលើវឌ្ឍនភាពការងារក្នុងត្រីមាសទី១ ឆ្នាំ២០២២ និងកំណត់ទិសដៅការងារសម្រាប់ត្រីមាសបន្ទាប់ ក្នុងគោលបំណងបន្តបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមគាំទ្រ សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មីក្នុងស្រុក និងចូលរួមកសាងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឱ្យមានភាពរស់រវើកនៅកម្ពុជា។

មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ជាឧបករណ៍គោលនយោបាយសេដ្ឋកិច្ចមួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានប្រតិបត្តិករស្វយ័តមួយ ហៅថា សហគ្រិនខ្មែរ។ អាទិភាពចម្បង នៃស្ថាប័ននេះគឺ ផ្តល់ការគាំទ្រដល់ម្ចាស់ អាជីវកម្មក្នុងស្រុក និងលើកកម្ពស់ការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែមានភាពស៊ីសង្វាក់គ្នា, រស់រវើក និងរីកចម្រើនកាន់តែប្រសើរ។ តាមរយៈកម្មវិធី និងសកម្មភាពគាំទ្រផ្សេងៗជាច្រើន មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) នឹងបន្តផ្តល់ឱកាសដល់អាជីវកម្មក្នុងស្រុក, ធុរកិច្ចថ្មី និងសហគ្រិនក្នុងប្រទេស ក្នុងការបន្តដំណើរការ និងចាប់ផ្តើមការងាររបស់ខ្លួន ទោះបីនៅក្នុងកាលៈទេសៈ នៃបញ្ហាប្រឈមដូចពេលបច្ចុប្បន្ននេះក្តី៕

ភាពបត់បែននៃប្រតិបត្តិការរបស់សហគ្រិនខ្មែរ បានបង្ហាញអំពីសមត្ថភាពដ៏សំខាន់ ក្នុងការចូលរួមគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩សម្រាប់សហគ្រិន។ មិនតែប៉ុណ្ណោះ សហគ្រិនខ្មែរបានពង្រីកសកម្មភាពរបស់ខ្លួន ក្នុងការអនុវត្តកម្មវិធីឱ្យមានវិសាលភាពធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងបានជួយបំពេញបន្ថែមជាមួយនឹងដៃគូពាក់ព័ន្ធ នៅក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងការបង្កើតកម្មវិធីគាំទ្រ និងសកម្មភាពល្អៗបន្ថែមទៀត ។ តាមរយៈសកម្មភាពទាំងអស់នេះ សហគ្រិនខ្មែរត្រូវបាន គេទទួលស្គាល់ថាជាថ្នាលដ៏សំខាន់ដើម្បីកៀគរសហគ្រិន និងអ្នកពាក់ព័ន្ធដទៃ ជាពិសេសជាថ្នាលដែលផ្តល់ការគាំទ្រដល់ផលិតភាព, ពិពិធកម្មទីផ្សារ, ការចាប់យកការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ។

ដំណាក់កាលបន្ទាប់ នៃការផ្តល់មូលនិធិជំនួយ របស់សហគ្រិនខ្មែរក្រោមគោលគំនិតនៃ “គិតអោយធំ ចាប់ផ្តើមពី តូច និងពង្រីកខ្លួនឱ្យលឿន” នឹងផ្តល់នូវជម្រើស ហិរញ្ញប្បទានបន្ថែមទៀត និងមានលក្ខណៈចម្រុះបែបថ្មីៗ ដល់សហគ្រាសធុនតូច និង មធ្យម និងធុរកិច្ចថ្មី តាមរយៈការផ្តល់ ហិរញ្ញប្បទាន និងឱកាសវិនិយោគរួមគ្នា។ យុទ្ធសាស្រ្តនៃការផ្តល់មូលនិធិនេះ នឹងជួយបំប្លែងប្រតិបត្តិករអាជីវកម្មខ្នាតតូច ទៅជាសហគ្រាសធុនមធ្យម និងទាក់ទាញអ្នកជំនាញ និងអ្នកបណ្តាក់ទុនជាច្រើនរូប មកចូលរួមអភិវឌ្ឍ នៅក្នុងប្រទេសប្រកបដោយទំនុកចិត្តខ្ពស់។

ការឆ្លងកាត់បទពិសោធន៍ ជំងឺកូវីដ១៩ គឺជាមេរៀន និងភស្តុតាងដ៏មានតម្លៃសម្រាប់ការកសាងអាជីវកម្ម នាពេលអនាគត ហើយយើងអាចមើលឃើញ បានយ៉ាងច្បាស់ថា តាមរយៈការគាំទ្រពីមូលនិធិអភិវឌ្ឍន៍សហគ្រិនកម្ពុជា នឹងចូលរួមចំណែកជួយធ្វើឱ្យក្ដីសុបិន អាជីវកម្មរបស់ពួកគេក្លាយជាការពិត៕

To Top