ភ្នំពេញ៖ ក្រោយរៀបចំពិធីបុណ្យសពបងប្រុសទី២ រួចរាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាច ធ្វើអោយឈាមរលាយជាទឹក បានក៏ដោយ។
នៅលើគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាច ធ្វើអោយឈាមរលាយជាទឹកបានក៏ដោយ។
ខ្ញុំចង់និយាយដល់មនោសញ្ចេតនា បងប្អូនដែលប្រសូត្រពីផ្ទៃម្តាយតែមួយ ដែលករណីជាក់ស្តែង គឺមរណៈភាពបងប្រុសខ្ញុំដែលទើបធ្វើបុណ្យបញ្ចុះនៅព្រឹកមិញនេះ»។
សម្ដេចបន្តថា «ទោះបីខ្ញុំបានបំពេញភារកិច្ចជាប្អូនប្រុស ជាប្អូនថ្លៃ ជាឪពុកមារអស់រយៈពេល៥ថ្ងៃ រួចមកហើយក្តី តែខ្ញុំហាក់នៅមិនទាន់បាន សម្រេចរួចនូវកិច្ចការដែលខ្ញុំ ត្រូវធ្វើនៅឡើយ នោះគឺខួប៧ថ្ងៃនៃថ្ងៃមរណៈភាព របស់បងប្រុសខ្ញុំ។ទោះបីភរិយាខ្ញុំ កូនខ្ញុំបន្តស្ថិតនៅជាមួយបងថ្លៃ ក្មួយៗនិងចៅៗខ្ញុំក៏ដោយ ក៏ខ្ញុំពិតជាពិបាកឈានជើងចេញនៅពេលក្រឡេក ឃើញមុខបងថ្លៃ ក្មួយៗដែលហៅខ្ញុំថាពុក ចៅៗដែលហៅខ្ញុំថាតាមានទឹកមុខក្រៀមក្រំ លាយឡំដោយទឹកភ្នែក»។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ភារកិច្ចប្រទេសជាតិ តម្រូវអោយខ្ញុំចាកចេញ ដោយខានមិនបាននោះ គឺដឹកនាំប្រតិភូ ទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន។
សម្ដេចរំលឹកថា «កាលពីឆ្នាំ២០១៩ ខ្ញុំអាក់ខានទៅប្រជុំអាស៊ាន-កូរ៉េ និង មេគង្គ-កូរ៉េ ម្តងរួចហើយ ដោយសារពេលនោះម្តាយក្មេកខ្ញុំកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ លើកនេះមិនអាចអាក់ខានបានទេ ដោយខ្ញុំមានតួនាទីជាប្រធានអាស៊ាន ដែលត្រូវមានមុខគ្រប់អង្គប្រជុំដែលរៀបចំឡើងដោយប្រទេសម្ចាស់ផ្ទះ។ខ្ញុំមិនអាចចាត់តាំងតំណាង អោយចូលរួមប្រជុំដូចកាលមិនទាន់ធ្វើជាប្រធានអាស៊ានបានឡើយ»។
សម្ដេចបន្តថា «ដោយមិនអស់អាល័យ និងនឹកដល់បងប្រុស ខ្ញុំបញ្ជាអោយអាកាសយានិកហោះ ឧទ្ធម្ភាគចក្រហោះឆ្វែលមួយជុំ ជាការគោរពលាទាំងអាល័យ។ ខ្ញុំធ្លាប់បាត់បង់កូនបង្កើត ឪពុកម្តាយបង្កើត ពេលនេះបាត់បងបង្កើត រស់ជាតិនៃការឈឺចាប់គឺដូចគ្នា។ នោះហើយដែលខ្ញុំចង់និយាយថាឈាមខាប់ជាងទឹក»។
សូមបញ្ជាក់ថា សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង ដែលបងប្រុសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ។
សពរបស់ សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង បានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពលោក ហ៊ុន ណេង បានដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕