ព័ត៌មានជាតិ

ទស្សនៈកម្ពុជា ជុំវិញការឡើងកាន់តំណែង របស់ប្រធានាធិបតី កូរ៉េខាងត្បូងថ្មី (Video)

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ ប្រទេសកូរ៉េខាងត្បូង បានធ្វើការផ្លាស់ប្តូរប្រធានាធិបតីថ្មី លោក Yoon Suk-yeol ជំនួសប្រធានាធិបតីចាស់ លោក មូន ជេអ៊ីន ដោយពិធីផ្លូវការត្រូវបានប្រារព្ធធ្វើឡើង នៅរដ្ឋធានី សេអ៊ូល នៃសាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។ សម្រាប់ការផ្លាស់ប្តូរប្រធានាធិបតីថ្មី​របស់កូរ៉េខាងត្បូង ដែលជាមិត្តភិក្តរបស់កម្ពុជាដែរនោះ តំណាងរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ចេញទស្សនៈជុំវិញការផ្លាស់ប្តូរនោះដែរ ជាមួយនឹងការអបអរសាទរ របស់ខ្លួនចេញពីរាជធានីភ្នំពេញផងដែរ។ ដោយតំណាងរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា-កូរ៉េខាងត្បូង រឹតតែត្រូវពង្រឹងនិងពង្រីក ល្អជាងមុនថែមទៀត ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញការយល់ឃើញថា កម្ពុជាគោរពឆន្ទៈនៃជម្រើសរបស់ពលរដ្ឋកូរ៉េ ពីព្រោះការឡើងតំណែងថ្មីរបស់ប្រធានាធិបតីកូរ៉េ គឺជាឆន្ទៈរបស់ពលរដ្ឋ។ លោកថា ក្នុងនាមកម្ពុជា ជាសមាជិករបស់សហគមន៍អាស៊ាន អ្វីដែលស្ថិតនៅក្នុងសហគមន៍អាស៊ាននេះ គោលនយោបាយការបរទេស គឺប្រហាក់ប្រហែលគ្នាទេ ។

លោកបញ្ជាក់ថា “ដូច្នេះការបង្កើនឡើងត្រឡប់មកវិញពីកូរ៉េខាងត្បូង គឺប្រធានាធិបតីកូរ៉េខាងត្បូង ផលរំពឹងទុករបស់ខ្ញុំ គឺប្រាកដធ្វើឲ្យរឹតតែប្រសើរជាងមុនទៅទៀត ពីព្រោះប្រធានាធិបតីនីមួយៗតែងតែមានទេពកោសល្យ និងគោលនយោបាយខ្ពស់របស់គេ ។ ជាពិសេសនៅក្នុងសម័យកាលនេះ យើងឃើញពីវិបត្តិអ៊ុយក្រែន គឺជាវិបត្តិមួយសម្រាប់ពិភពលោក រួមជាមួយវិបត្តិកូវីដ១៩ ដែរ ដូច្នេះតំបន់អាស៊ានដែលកម្ពុជានៅជាមួយអាស៊ាន វាជាសហគមន៍មួយដែលកូរ៉េខាងត្បូងត្រូវតែគោរព ធ្វើការជាមួយគ្នា។ ដូច្នេះចំពោះកម្ពុជាវិញ ជាពហុភាគីរវាងកម្ពុជា ជាមួយកូរ៉េខាងត្បូង ដូចជាគ្មានអ្វីដែលប៉ះពាល់ និងផ្លាស់ប្តូរទេ” ។

រីឯងទំនាក់ទំនងទ្វេភាគី កម្ពុជា-កូរ៉េវិញ លោក ផៃ ស៊ីផាន បញ្ជាក់យ៉ាងច្បាស់លាស់ថា “យើងនៅតែរក្សាអ្វីដែលជាប្រវត្តិកន្លងមក គឺស្ថិតនៅក្នុងភាពជាដៃគូ ដៃគូអភិវឌ្ឍន៍ ដៃគូការគោរពគ្នាទៅវិញទៅមក ទាំងសន្តិសុខជាតិ រវាងកម្ពុជា-កូរ៉េ ។ កម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខកូរ៉េខាងត្បូង ក៏ដូចជាកូរ៉េខាងជើង ដែលសម្តេចតេជោ យកចិត្តទុកដាក់ខ្ពស់ណាស់ ចំពោះសុវត្ថិភាពរបស់កូរ៉េខាងត្បូងនេះឯង”។

ចំពោះការសន្យារបស់ប្រធានាធិបតីចាស់កូរ៉េខាងត្បូង ក្នុងការជួយកសាងស្ពានឆ្លងកាត់ទន្លេមេគង្គពីភ្នំពេញទៅអរិយក្សត្រនោះ លោក ផៃ ស៊ីផាន អះអាងថា កូរ៉េនៅតែបន្តកិច្ចសន្យារបស់ខ្លួន ។ លោកថា ព្រោះប្រធានាធិបតីនីមួយៗ តែងតែបន្តវេន នៃសេចក្តីសម្រេចិត្តរបស់ប្រធានាធិបតីចាស់ ។

លោកបន្តថា ធម្មតាប្រធានាធិបតីដែលចាក់ចេញពីតំណែង បានបន្សល់នូវគោលការណ៍នយោបាយបរទេសធំៗនោះ គឺប្រធានាធិបតីថ្មីនឹងបន្តពីប្រធានាធិបតីចាស់ ហើយនឹងបន្តជួយកម្ពុជាលើផ្នែកកិច្ចការអ្វីថ្មីៗនាពេលអនាគតផងដែរ ។

សម្រាប់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ចេញការយល់ឃើញដែរថា ទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា-កូរ៉េមិនសូវមានការផ្លាស់ប៉ុន្មានទេ ទោះបីជាផ្លាស់ប្តូរប្រធានាធិបតីថ្មីទៅតាមអាណត្តិនីមួយៗក៏ដោយ ។ លោកថា “យើងឃើញថា ទំនាក់ទំនងរវាងប្រទេសទាំង២ ចាប់តាំងពីបានបង្កើតឡើងវិញនៅឆ្នាំ១៩៩៧មក យើងឃើញថា ទំនាក់ទំនងនេះ គឺមានលក្ខណៈស្ថិរភាព ហើយមានការវិវត្តជាលំដាប់ជានិច្ច” ។

លោកបន្តថា ក្នុងរយៈពេលចុងក្រោយនេះ សន្ទុះនៃទំនាក់ទំនងរវាងប្រទេសទាំង២ មានការរីកចម្រើនជាងមុនខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការវិញ ធ្វើឡើងស្ទើរតែគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ។

លោក គិន ភា ឲ្យដឹងទៀតថា ចំណុចសំខាន់ដែលជាការវិវត្តថ្មីមួយទៀតនោះគឺ ប្រទេសទាំង២ ចាប់ផ្តើមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នាដែលបានចុះហត្ថលេខា នាពេលកន្លងមកនេះ ។ នេះជាសញ្ញាវិជ្ជមាន សំខាន់មួយទៀត នៅក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគី ។

ចំពោះសំណួរថា តើកូរ៉េនឹងជួយបន្តអភិវឌ្ឍន៍កម្ពុជា លើផ្នែកហេដ្ឋារចនាសម្ព័ន្ធបន្តទៀតទេ? លោកសង្កត់ធ្ងន់ថា កូរ៉េនឹងមិនមានការផ្លាស់ប្តូរទៅលើគម្រោងជំនួយរបស់ខ្លួន មកកាន់កម្ពុជាទេ ពោលនៅតែបន្តផ្តល់ជំនួយ ដូចដើម ៕

ដោយ៖ អេង គឹមជាង

To Top