ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសទី៣ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ពុកប្រាកដជានឿយហត់ណាស់ហើយ តែនោះមិនមានអ្វីចម្លែកសម្រាប់ពុកទេ ព្រោះជីវិតរបស់ពុកបានលះបង់សម្រាប់ជាតិ និងប្រជាជនជារៀងរហូតមកហើយ ។
ការលើកឡើងរបស់លោក ហ៊ុន ម៉ានី ស្របពេលពិធីបុណ្យសម្តេច ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់សម្តេច ទើបបញ្ចប់កាលពីថ្ងៃ៩ ឧសភា ហើយសម្តេចក៏ត្រូវ បានចេញដំណើរទៅសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃ១០ ឧសភា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកទៀត។ នេះជាកិច្ចប្រឹងប្រែងរបស់សម្តេច ដែលមិនគិតពីការហត់នឿយ ក្នុងនាមជាប្អូនប្រុសរបស់សម្តេច ហ៊ុន ណេង ដែលមានភារកិច្ចរៀបចំពិធីបុណ្យសព និងជាថ្នាក់ដឹកនាំកម្ពុជា ដែលត្រូវចូលកិច្ចប្រជុំនៅអាមេរិក ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃ១០ ឧសភា លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា តបតាមការអញ្ជើញរបស់ប្រធានាធិបតី Joe Biden ពុកក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជា និងដែលកំពុងកាន់តំណែងជាប្រធានអាស៊ាន បានចេញដំណើរទៅសហរដ្ឋអាមេរិកនៅថ្ងៃនេះ។
លោកបន្តថា ទោះជាពុកមានទំនួលខុសត្រូវ ជាច្រើនដែលក្នុងនោះរួមមាន ការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ឈានឆ្ពោះទៅកាន់ការស្តារឡើងវិញ នៃស្ថានភាពសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិ ការខិតជិតមកដល់នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់, ទុក្ខសោកនៃការបាត់បង់បងប្រុសបង្កើត ដោយសារជំងឺគាំងបេះដូង, កាតព្វកិច្ចចំពោះជាតិ និងប្រជាជននៅតែបន្ត។
លោក ហ៊ុន ម៉ានី បន្ថែមថា ក្នុងនាមប្រជាពលរដ្ឋទាំង១៧លាននាក់ និងក្នុងនាមជាប្រធានអាស៊ាន ដើម្បីជំរុញទំនាក់ទំនងអាស៊ាន-អាមេរិក ពុកត្រូវធ្វើដំណើរឆ្ងាយពីផ្ទះ ដើម្បីដឹកនាំ និងចូលរួមកិច្ចប្រជុំជាច្រើន ក្នុងនោះមានការធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំកំពូលអាស៊ានអាមេរិក ជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden ផងដែរ។
លោកបញ្ជាក់ថា «ជាមួយគ្នានេះ យើងក៏ឃើញថា បងប្អូនខ្មែរជាច្រើននៅសហរដ្ឋអាមេរិក និងប្រទេសកាណាដាកំពុងរង់ចាំ ជួបពុកក្នុងបរិយាកាសជាមហាគ្រួសារខ្មែរតែមួយ។ ពុកប្រាកដជានឿយហត់ តែនោះមិនមានអ្វីចម្លែកសម្រាប់ពុកទេ ព្រោះជីវិតរបស់ពុកបានលះបង់សម្រាប់ជាតិ និងប្រជាជនជារៀងរហូតមកហើយ» ៕