ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៥ ឆ្នាំ២០២២ BICC2022-ប៊ី អាយ ស៊ី ស៊ី ២០២២ (The 5th BELTEI International Collaboration Conference 2022) តាមរយៈ Video Conference ក្រោមប្រធានបទ “ឱកាសអាហា រូបករណ៍ និងការរៀបចំជីវិត សិក្សានៅក្រៅប្រទេស តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩” ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ។ ដោយមានការអញ្ជើញ ចូលរួម និងធ្វើបទបង្ហាញពីសាកលវិទ្យាល័យដៃគូចំនួន ៤៥ មកពី ១៩ប្រទេសជុំវិញពិភពលោក ជូនដល់និស្សិត សាកលវិទ្យាល័យ និងសិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី១១ និងទី១២ សរុបជាង ៦,០០០នាក់ ។
លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា BICC គឺជាសន្និសីទលក្ខណៈអន្តរជាតិ ដែលរៀបចំដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងគោលបំណងពង្រឹង មិត្តភាពកិច្ច សហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យដៃគូ នៅឯក្រៅប្រទេស ដែលបានចុះអនុស្សារណៈ យោគយល់គ្នា (MoU) ដើម្បីរួមចំណែកលើកកម្ពស់គុណភាព វិស័យអប់រំនៅកម្ពុជា ឱ្យមានការទទួលស្គាល់ ជាអន្តរជាតិ ដែលមាន ៧ចំណុចសំខាន់ៗ ៖
![](https://dap-news.com/wp-content/uploads/2022/05/fn-2022-05-10-12-14-28-1-1-1024x683.jpg)
១-ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗ របស់កម្ពុជាទៅកាន់ពិភពលោក
២-បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំ ឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស
៣-ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗ នៅតាមប្រទេសនានា ជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី
៤-បង្កើតនូវវេទិកាទំនាក់ទំនង សម្រាប់គ្រឹះស្ថានទាំងអស់ ដែលបានចូលរួម
៥-ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជា ទៅសិក្សានៅក្រៅប្រទេស ឱ្យបានកាន់តែច្រើន
៦-ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេស ទៅបន្តការសិក្សានៅបរទេស
៧-ចូលរួមចំណែកអភិវឌ្ឍ ធនធានមនុស្ស នៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជននិងកីឡា ជាសេនាធិការ។
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-10_13-01-39-1-1024x575.jpg)
នៅក្នុងពិធីបើកសន្និសីទនេះ ក៏មានតំណាងសាកលវិទ្យាល័យដៃគូ ៣រូប បានថ្លែងចំណាប់អារម្មណ៍ពីក្រៅប្រទេស តាមរយៈ Video Conference ផងដែរ ក្នុងនោះ ៖
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-10_13-03-14-1024x575.jpg)
១-លោកបណ្ឌិត ដូណាល់ ថបលីហ្វ នាយក និងជាសាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការសិក្សានៃ Angelo State University មកពីសហរដ្ឋអាមេរិក បានថ្លែងអំណរគុណ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានរៀបចំសន្និសីទ នេះឡើង និងបានលើកទឹកចិត្ត ដល់សិស្ស-និស្សិតកម្ពុជា ឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីមានឱកាសអាចទទួល បានអាហារូបករណ៍ទៅបន្តការ សិក្សានៅក្រៅប្រទេស។
២-លោក ធីម ប៊ូឡូ នាយកប្រតិបត្តិនៃ Minor Education នៃព្រះរាជាណាចក្រថៃ បានសម្តែងនូវក្តីសប្បាយរីករាយ ដែលបានចូលរួមនិងចែករំលែក ព័ត៌មានសិក្សាអំពីសាកលវិទ្យាល័យ របស់ខ្លួនជូនដល់សិស្ស-និស្សិតប៊ែលធី ក្នុងសន្និសីទអន្តរជាតិនេះ ។
៣-លោកសាស្ត្រាចារ្យបណ្ឌិត ជូអន ម៉ាទីន សាកលវិទ្យាធិការ នៃសាកលវិទ្យាជាតិ របស់ប្រទេសទីម័រខាងកើត បានកោតសរសើរ អំពីការរៀបចំសន្និសីទ អន្តរជាតិ BICC ជាពិសេសការរីកចម្រើន របស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ។
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-10_13-04-20-1-1024x575.jpg)
ជាមួយគ្នានោះដែរ ក៏មានការចែករំលែកបទពិសោធន៍ អំពីជីវិតសិក្សានៅក្រៅប្រទេស របស់អតីតសិស្សនិទ្ទេស-A ដែលជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ២រូប គឺលោក ប៉េង គីមហេង កំពុងសិក្សា នៅសាកលវិទ្យាល័យ San Francisco State សហរដ្ឋអាមេរិក និងលោក កែវ ពិទូរ្យ បានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យពាណិជ្ជកម្ម អន្តរជាតិ Hult នៃប្រទេសសិង្ហបុរី។
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-10_13-05-59-1-1024x682.jpg)
ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គ-មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និង ដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩ ។ ជាពិសេសជោគជ័យ នៃការគ្រប់គ្រងវិបត្តិកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងតាមរយៈ យុទ្ធសាស្ត្រផ្ការីក របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបង្កើតបាននូវភាពស៊ាំ ក្នុងសហគមន៍ និងបានបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចលើគ្រប់វិស័យទូទាំង ប្រទេសឡើងវិញ ។ លោកបណ្ឌិត ក៏បានអញ្ជើញដៃគូទាំងអស់ឲ្យមកទស្សនានៅកម្ពុជា ព្រោះ កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ ។
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-10_13-06-46-1-1024x682.jpg)
លោកបណ្ឌិត ក៏បានថ្លែងអំណរគុណ ចំពោះគ្រឹះស្ថានសិក្សាទាំង៤៥ មកពី ១៩ប្រទេស ដែលបានចំណាយពេលវេលា ដ៏មានតម្លៃចូលរួមសន្និសីទ ដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញ ចែករំលែកព័ត៌មាន សិក្សារបស់សាកលវិទ្យាល័យខ្លួន ជូនដល់សិស្សនិស្សិតកម្ពុជា តាមរយៈ Video Conference ។ លោកបណ្ឌិត បានបន្ថែមថា សន្និសីទ BICC 2022 នេះ ពិតជាបាន រួមចំណែកយ៉ាងធំធេង ក្នុងការបង្កើនធនធានមនុស្ស ប្រកបដោយសមត្ថភាពនៅកម្ពុជាក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ស្របតាមយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និង កីឡា ជាសេនាធិការ ។ លោកបណ្ឌិត ក៏បានលើកទឹកចិត្តដល់គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យដៃគូ នៅក្រៅប្រទេសទាំងអស់ បន្តចូលរួម សន្និសីទ BICC 2023 ខាងមុខនេះ ដើម្បីរួមគ្នាពង្រឹងគុណភាពអប់រំ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ច សហប្រតិបត្តិការល្អ ជាមួយគ្នាឱ្យបានកាន់តែប្រសើរបន្ថែមទៀត ៕
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-10_12-38-50-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/05/fn-2022-05-10-12-14-52-12-1-1024x575.jpg)
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-10_12-41-00-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-10_13-08-13-1-1024x575.jpg)
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-10_13-08-40-1-1024x575.jpg)
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-10_13-09-05-1-1024x575.jpg)
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-10_13-09-42-1-1024x575.jpg)
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-10_13-10-15-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)