ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គ្រួសារ និងសហគមន៍នីមួយៗ បន្តពង្រឹងស្មារតីសាមគ្គីភាព ដោយត្រូវយកចិត្តទុកដាក់អប់រំសីលធម៌ និងប្រពៃណីទំនៀមទម្លាប់ ប្រកបដោយ មនសិការ ព្រមទាំងទទួលខុសត្រូវខ្ពស់ដល់សមាជិកគ្រួសាររបស់ខ្លួន។
តាមរយៈសារលិខិតក្នុងទិវាអន្តរជាតិស្តីពីគ្រួសារ ខួបលើកទី២៨ ឆ្នាំ២០២២ ក្រោមប្រធានបទ «គ្រួសារជាមូលដ្ឋានគ្រឹះនៃការថែរក្សា និងការពារសន្តិភាព» នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ បានកោតសរសើរចំពោះក្រុមគ្រួសារទាំងឡាយ តែងតែពលិកម្ម និងលះបង់គ្រប់បែបយ៉ាងក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនចៅឲ្យក្លាយជាកូនល្អ សិស្សល្អ និង ពលរដ្ឋល្អ សម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិ។
សម្ដេចតេជោបន្ដថា ត្រូវចូលរួមចំណែកយ៉ាងសកម្មក្នុងការបន្តថែរក្សា និងលើកស្ទួយមរតកវប្បធម៌ សាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រជាជាតិ ដោយប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ ការយោគយល់ ការអធ្យាស្រ័យ ការសណ្តោសប្រណី និងការគោរពច្បាប់ ដើម្បីរក្សាឲ្យបាននូវភាពសុខដុមរមនា សាមគ្គីភាព និងសេចក្ដីថ្លៃថ្នូរក្នុងសង្គមជាតិ ។
សម្ដេចតេជោបញ្ជាក់ថា “គ្រួសារ និងសហគមន៍នីមួយៗត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់អប់រំសីលធម៌ និងប្រពៃណីទំនៀមទម្លាប់ល្អរបស់យើងប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ដល់សមាជិកគ្រួសារខ្លួន តាមរយៈការផ្តល់ការអប់រំរៀនសូត្រ សីលធម៌ សុជីវធម៌ ចរិយាធម៌ ចំណេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈផ្សេងៗ សំដៅដល់ការពង្រឹង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងគ្រួសារ ប្រកបដោយភាពរឹងមាំសេចក្តីថ្លៃថ្នូរ និងភាពស័ក្តិសិទ្ធិ ដើម្បីបន្តធានាដឹកនាំគ្រួសារដែលជាកោសិកាសង្គមឱ្យមានភាពរុងរឿង ថ្កុំថ្កើង និងសុភមង្គល”។
លេីសពីនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសង្ឃឹមយ៉ាងមុតមាំថា គ្រួសារទាំងអស់ នឹងបន្តអនុវត្តនូវប្រពៃណីដ៏ល្អផូរផង់នេះ ដើម្បីបន្តរួមចំណែកថែរក្សា និងកសាងសមិទ្ធផលនានាបន្ថែមទៀតសម្រាប់ឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ និងបន្តលើកកម្ពស់មនសិការទទួលខុសត្រូវក្នុងការកសាងសង្គមជាតិ ឆ្ពោះទៅរកសង្គមមួយប្រកបដោយសុខសន្តិភាព ស្ថិរភាព កិត្យានុភាព វឌ្ឍនភាព ភាពរុងរឿង និងសុខុដុមនីយកម្ម៕