កីឡា

លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ ភ្នំពេញក្រោន ទទួលមរណភាព

ភ្នំពេញ៖ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលអនិច្ចកម្ម នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ដោយរោគាពាធក្នុងអាយុ៤១ឆ្នាំ ។ នេះបើយោងតាមការផ្សាយ ក្នុងផេកហ្វេសប៊ុករបស់ Phnom Penh Crown FC ។

ថ្នាក់ដឹកនាំ ក្រុមការងារគ្រូបង្វឹក បុគ្គលិក ក៏ដូចជាកីឡាករ កីឡាការិនីទាំងអស់នៃ ក្លិបបាល់ទាត់ភ្នំពេញក្រោន មានក្តីសោកសង្រេងព្រមទាំង ក្តីសោកស្តាយជាខ្លាំង ចំពោះមរណភាពរបស់លោកឧកញ៉ា ឬទ្ធី សំណាង ។

សម្រាប់គ្រប់ៗគ្នានៅក្លិបភ្នំពេញក្រោន មរណភាពរបស់ លោកឧកញ៉ា ឬទ្ធី សំណាង គឺជាការបាត់បង់នូវឥស្សរជនមួយរូប ដែលប្រកបដោយគុណធម៌ ព្រហ្មវិហាធម៌ ព្រមទាំងភាពជាអ្នកដឹកនាំ ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើន ចំពោះសង្គមជាតិជាពិសេស ការរួមចំណែកកសាងនូវ សមិទ្ធផលជាបន្តបន្ទាប់ក្នុង វិស័យកីឡាបាល់ទាត់ជាតិ វិស័យអប់រំ និងមនុស្សធម៌ជាដើមដែល លោកឧកញ៉ាតែងតែងចូលរួម យ៉ាងសកម្មនាពេលកន្លងមក។

អស់រយៈកាលជាង ១០ឆ្នាំក្រោមការដឹកនាំរបស់ លោកឧកញ៉ា ឬទ្ធី សំណាង ភ្នំពេញក្រោនបានក្លាយជា គ្រួសារមួយរបស់លោក ហើយលោកតែងតែទូន្មាន និងចង្អុលបង្ហាញនូវមាគ៌ាល្អៗ ដល់ទាំងអស់គ្នាជាមួយ និងទស្សនាទាន៖ “យើងជាគ្រួសារតែមួយ ដែលមានគោលដៅដូចគ្នា ឆន្ទៈដូចគ្នា ហើយត្រូវតែរួមចិត្ត រួមកម្លាំងគ្នា ដើម្បីឈានទៅសម្រេចគោលដៅ ដែលយើងប្រាថ្នាចង់បាន” ៕

To Top