ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា និងសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ឆ្លើយតបទៅការដាក់ពាក្យបណ្តឹង របស់អង្គការសង្គមស៊ីវិល ចំនួន២ដែលបានដាក់ពាក្យបណ្តឹង ស្ថាប័នហិរញ្ញវត្ថុចំនួន៦ ដែលផ្តល់ឥណទាន ខ្នាតតូចនៅកម្ពុជា។
យោងតាមសេចក្ដីថ្លែងការណ៍រួម របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចេញផ្សាយនាថ្ងៃទី១០ ឧសភា បានបញ្ជាក់ថា «អង្គការសង្គមស៊ីវិលចំនួនពីរ បានដាក់ពាក្យបណ្តឹង ទៅកាន់ការិយាល័យអនុលោមភាព ទីប្រឹក្សាដោះស្រាយវិវាទ ដែលជាយន្តការ គណនេយ្យភាព និងឯករាជ្យ នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ។ ទោះជាយើងមិនទាន់ បានទទួលការទំនាក់ទំនង ដោយផ្ទាល់ពីសាជីវកម្មហិរញ្ញវត្ថុ អន្តរជាតិ សមាគមធនាគារ នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាង ខ្លាំងពីការចោទប្រកាន់របស់ អង្គការសង្គមស៊ីវិល ទាំងពីរមកលើវិស័យ ធនាគារ និងហិរញ្ញវត្ថុ»។
សមាគមទាំងពីរបន្ដថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បាននឹងកំពុងខិតខំប្រឹងប្រែង ក្នុងការបម្រើ និងជួយដល់ប្រជាជនកម្ពុជា។ ប៉ុន្តែគួរឲ្យសោកស្តាយ ដែលកិច្ចខិតខំប្រឹងប្រែង ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច ទាំងអស់នេះ មិនត្រូវបានឲ្យតម្លៃ ឬមើលរំលង ដោយអង្គការសង្គម ស៊ីវិលទាំងពីរនេះ ។
លើសពីនេះ សមាគមទាំងពីរ ទទួលស្គាល់នូវករណីដាច់ដោយឡែកខ្លះ អំពីការប្រព្រឹត្តមិនត្រឹមត្រូវ មួយចំនួន ដែលអាចកើតមានឡើង។ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា ស្វាគមន៍នូវមតិរិះគន់ដើម្បីស្ថាបនា និងអំពាវនាវ ឲ្យភាគីពាក់ព័ន្ធ ផ្តល់មតិកែលម្អរ ទាំងអស់ផ្តល់ព័ត៌មាន គ្រប់ជ្រុងជ្រោយ មកសមាគមទាំងពីរ។ ចំពោះវិធានការពិន័យនឹង ត្រូវបានយកមកអនុវត្តប្រកប ដោយភាពត្រឹមត្រូវ ម៉ឹងម៉ាត់ និងឯករាជ្យបំផុត បើសិនជាប្រព្រឹត្តិមិនត្រឹមត្រូវ ដោយសមាជិកណា មួយរបស់សមាគម ។
សមាគមទាំងពីរបន្ថែមថា កិច្ចការពារអតិថិជន និងអ្នកប្រើប្រាស់ គឺជាកាតព្វកិច្ច របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានចូលរួមយ៉ាងសកម្ម និងផ្សារភ្ចាប់ទៅនឹងយុទ្ធសាស្រ្ត ជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ។ បន្ថែមលើនេះ យន្តការទទួលបណ្តឹង និងគ្រប់គ្រងបណ្តឹងអតិថិជន ក៏ត្រូវបានអនុវត្តផងដែរ តាមរយៈមធ្យោបាយផ្សេងៗ ធ្វើឡើងដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕