ព័ត៌មានជាតិ

សម្ដេចតេជោ ថ្លែងអំណរគុណពលរដ្ឋខ្មែរ នៅអាមេរិក ចំណាយពេលដ៏មានតម្លៃ មកទទួលសម្ដេច ក្នុងមហាគ្រួសារខ្មែរតែមួយ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋខ្មែរ រស់នៅអាមេរិក បានចំណាយពេលវេលា ដ៏មានតម្លៃបំផុត មកទទួលសម្តេច ដូចជាឪពុក ក្នុងមហាគ្រួសារខ្មែរតែមួយ ។

ក្នុងឱកាសវត្តមាន នៃការអញ្ជើញ ទៅដល់រដ្ឋធានីវ៉ាស៊ីនតោន ឌី ស៊ី សហរដ្ឋអាមេរិក សម្តេចតេជោ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក ដែលកំពុងរងចាំទទួលស្វាគមន៍វត្តមាន របស់សម្តេចនៅពីមុខសណ្ឋាគារ ស្នាក់អាស្រ័យ ។

សម្តេចតេជោ បានសម្ដែងក្តីរំភើបរីករាយចំពោះវត្តមាន ជនរួមជាតិកម្ពុជាដ៏ច្រើនកុះករ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមករងចាំ និងទទួលស្វាគមន៍ ចំពោះវត្តមាន របស់សម្តេច ក្នុង ការអញ្ជើញមកកាន់រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន -សហរដ្ឋអាមេរិក ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន និងជាសហប្រធាន នៃ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្ត ទៅចំខួបគម្រប់៤៥ឆ្នាំ នៃទំនាក់ទំនង ក្នុងភាពជាដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។

បើទោះបីជាមានពេលវេលាខ្លី នៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍វត្តមាន នៃការអញ្ជើញមកដល់នោះ សម្តេចតេជោមានប្រសាសន៍ថា «សូមអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាពលរដ្ឋ ដែលជាជនរួមជាតិកម្ពុជាទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត ទោះបីជាមកពីជិតឆ្ងាយបានមកចាំទទួល និងស្វាគមន៍សម្តេចដូចជាឪពុក ក្នុងមហាគ្រួសារខ្មែរតែមួយ»។

សម្តេចតេជោ មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋដែលមានវត្តមាននាពេលនោះ បើទោះជាសម្តេចមានកម្មវិធី ដ៏មហាញឹកយ៉ាងណាក៏ដោយ ក៏សម្តេចជ្រើសរើសយកវេលា ដើម្បីធ្វើការប្រាស្រ័យទាក់ទង ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលជាជនរួមជាតិកម្ពុជា មកពីគ្រប់ទិសទី ក្នុងសហរដ្ឋអាមេរិក ប្រមាណជាង១ពាន់នាក់ ៕

To Top