ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានប្រកាសឲ្យដឹងថា ថ្មីៗនេះមានជនខិលខូចមួយចំនួនបានយករូបថត និងឈ្មោះរបស់ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅប្រើប្រាស់ក្លែងបន្លំនៅលើផេកហ្វេសប៊ុក (Facebook page) របស់ខ្លួន ដោយបានជេរប្រមាថត្មះតិះដៀលគ្នា ប្រើពាក្យសំដីមិនគប្បីនៅលើទំព័រហ្វេសប៊ុក ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១១ ឧសភានេះ នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា បានបញ្ជាក់ថា ទង្វើដោយគ្មានការពិចារណា និងខ្វះសីលធម៌បែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្តេច ទៀ បាញ់ ប្រមុខថ្នាក់ដឹកនាំកាពារជាតិកម្ពុជា។
នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ អំពាវនាវដល់ម្ចាស់គណនីហ្វេសប៊ុក ក្លែងបន្លំបញ្ឈប់សកម្មភាពយកឈ្មោះប្រមុខការពារជាតិ ឬក៏ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ទៅប្រើប្រាស់ក្លែងបន្លំនៅលើបណ្ដាញសារព័ត៌មានសង្គមទៀត បើមិនដូច្នេះទេ ក្រសួងការពារជាតិ សហការជាមួយកម្លាំងមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់ ៕