ព័ត៌មានជាតិ

ជម្រះបណ្តឹង សារទុក្ខ បុរសជាប់ចោទ ២នាក់ ពាក់ព័ន្ធនឹង ការរៀបចំចាត់តាំងក្រុមជន ប្រដាប់អាវុធ និង ជួញដូរអាវុធគ្រឿងផ្ទុះ

ភ្នំពេញ: បុរសជាប់ចោទចំនួន២នាក់ កាលពីព្រឹកថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២២ ត្រូវបានតុលាការកំពូល ជំនុំជម្រះលើបណ្ដឹងសារទុក្ខ របស់ពួកគេ ជាប់ពាក់ព័ន្ធនឹងការ រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ដឹកជញ្ជូន និង ជួញដូរ អាវុធ និង គ្រឿងផ្ទុះ ខុសច្បាប់ ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ ២០១៨ នៅត្រង់ចំណុចរាជធានីភ្នំពេញ ខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ។

លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងអោយដឹងថាៈ ជនជាប់ចោទទាំង២នាក់នេះ មាន៖ ទី ១-ឈ្មោះ ៖ ប៉េង សុខា ហៅ ម៉ៅ ភេទប្រុស អាយុ ៥៥ ឆ្នាំ មានទីលំនៅ ភូមិ សម្បទានសែនជ័យ ឃុំត្រែងត្រយីង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ និង ទី ២- ឈ្មោះ ណុប វ៉ុន ភេទប្រុស អាយុ ៥២ ឆ្នាំ នៅភូមិសម្បទានសែនជ័យ ឃុំត្រែងត្រយីង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកចៅក្រម បានថ្លែងថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារក្នុង ម្នាក់ៗ កំណត់ ៦ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៥ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ពីបទ:«រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ និង សន្និធិអាវុធគ្រឿងផ្ទុះ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ» តាមមាត្រា ៤៨៦ និង ៤៨៨ នៃក្រមព្រហ្មទណ្ឌ។

តែពួកគេ បានប្តឹងឧទ្ធរណ៍។ តែតុលាការឧទ្ទរណ៍ បានតម្កល់ទណ្ឌកម្មរបស់គាត់ រក្សាទុកជាបានការដដែល។ ពួកគេ ក៏បានប្តឹងសារទុក្ខ មកតុលាការកំពូលទៀត។

ពួកគេទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០១៩ នៅភូមិសម្បទានសែនជ័យ ឃុំត្រែងត្រយីង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តុលាការកំពូល នឹងប្រកាសសាលដីកា សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២ ខាងមុខនេះ៕ ដោយៈ លីហ្សា

To Top