ព័ត៌មានជាតិ

កំពង់ផែរាម អភិវឌ្ឍន៍ ដើម្បីពង្រឹងសមត្ថភាព វិស័យការពារជាតិកម្ពុជា មិនមែនបម្រើឱ្យទ័ពបរទេស

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខបញ្ជាក់ជាថ្មីថា កំពង់ផែរាម គឺជាការអភិវឌ្ឍដើម្បីពង្រឹងសមត្ថភាព វិស័យការពារជាតិរបស់កម្ពុជា មិនមែនបម្រើឱ្យទ័ពបរទេសណា មួយនោះឡើយ។

ថ្លែងចេញពីទឹកដីសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងទៀតថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងយ៉ាងច្បាស់មិនឱ្យ មានទ័ពបរទេសលើទឹកដីខ្លួន ហើយកងទ័ពកម្ពុជា ក៏មិនចេញប្រតិបត្តិការនៅប្រទេសដទៃនោះដែរ លើកលែងតែប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការ សហប្រជាជាតិប៉ុណ្ណោះ។

សម្តេចតេជោបានបញ្ជាក់ថា «ប្រទេសយើងមិននៅក្រោមប្រទេសណាមួយទេ ប្រទេសយើងឯករាជ្យ មានអធិបតេយ្យភាព។ ដូច្នេះយើងមិនត្រូវការកងទ័ពបរទេស នៅលើទឹកដីកម្ពុជាឡើយ។ មិនថាកងទ័ពចិន ឬកងទ័ពប្រទេសណាក៏ដោយ»។

សម្តេចតេជោ ថា បច្ចុប្បន្នកំពង់ផែខេត្តព្រះសីហនុ បានស្វាគមន៍នាវាចិន អាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដែលចូលចតនៅផែរបស់កម្ពុជា ដោយមិនមានការរើសអើងនោះឡើយ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top