ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ដាំទៅពលរដ្ឋមីយ៉ាន់ម៉ា កុំឲ្យភាន់ច្រឡំលើកម្ពុជា ខណៈក្រុមខ្មែរប្រឆាំងកំពុង កេញចំណេញលើបញ្ហានេះ

ភ្នំពេញ ៖ សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានបានផ្ដាំទៅកាន់បាតុករមីយ៉ាន់ម៉ា ទាំងនៅសហរដ្ឋអាមេរិក និងនៅមីយ៉ាន់ម៉ាផ្ទាល់ថា កុំឲ្យមានការភាន់ច្រឡំ លើសកម្មភាព របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក្នុងការសម្របសម្រួលស្ថានការណ៍ នៅក្នុងប្រទេសខ្លួន (មីយ៉ាន់ម៉ា) ខណៈក្រុមខ្មែរប្រឆាំង បាននិងកំពុងកេញចំណេញ លើការធ្វើបាតុកម្មប្រឆាំងសម្ដេច នៅលើទឹកដីសហរដ្ឋអាមេរិក ។

ថ្លែងចេញពីទឹកដីសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចតេជោមានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវដល់បាតុករមីយ៉ាន់ម៉ា ដែលមានគម្រោងធ្វើបាតុកម្មប្រឆាំងខ្ញុំ អ្នកអាចមានការភាន់ច្រឡំធំហើយ។ អ្នកធ្វើបាតុកម្មប្រឆាំងខ្ញុំ មានតម្លៃស្មើនឹងបំផ្លាញប្រទេសរបស់អ្នក»។

សម្ដេចបញ្ជាក់ថា «មិនមែនផ្ដាំទៅបងប្អូនមីយ៉ាន់ម៉ា នៅប្រទេសអាមេរិកនោះទេ ផ្ដាំទៅបងប្អូនមីយ៉ាន់ម៉ា នៅគ្រប់ទីកន្លែងទាំងអស់ អ្នកប្រឆាំងនឹងប្រធានអាស៊ាន ដែលកំពុងធ្វើសកម្មភាពនៅពេលនេះ គឺមានតម្លៃស្មើនិងកំពុង សម្លាប់ប្រជាជនខ្លួនឯង»។

ងាកមកក្រុមខ្មែរប្រឆាំងឯណោះវិញ សម្ដេចតេជោថា កុំឲ្យស៊ីពេ មីយ៉ាន់ម៉ាបានទេ ដោយមានវិទ្យុអន្តរជាតិ និយាយខេមរភាសាមួយ កំពុងតែត្រៀមរៀបចំការថតឲ្យបានល្អ គឺការផ្គុំគ្នារវាងបាតុករខ្មែរ ប្រឆាំង ហ៊ុន សែន និងបាតុករមីយ៉ាន់ម៉ា ប្រឆាំងហ៊ុន សែន ។

សម្ដេចតេជោគូសបញ្ជាក់ទៀតថា «មើលធ្វើឲ្យវាថ្លៃថ្នូរ ខ្មែរដោយខ្មែរ មីយ៉ាន់ដោយមីយ៉ាន់ម៉ា ឬក៏វាតិចពេក»។ ក្នុងនោះសម្ដេចក៏ចំអកឲ្យក្រុមប្រឆាំងថា ម៉េចក៏មិនយុទ្ធសាស្រ្តរបស់ខ្លួន កាលពីឆ្នាំ២០១៨ មកប្រើ «ដេកផ្ទះឈ្នះឯង» ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា អ្វីដែលប្រធានអាស៊ានមុនចង់បាន គឺកូសង់ស៊ីន៥ចំណុច ដែលថ្នាក់ដឹកនាំអាស៊ាន​​ បានសំរេចនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែមេសា ឆ្នាំមុន ។ តែចំណុចដែលចង់បានធំបំផុត នៅពេលនេះ គឺមាន៣៖១) បំបាត់អំពើហិង្សា ជាពិសេសជំរុញឲ្យមានបទឈប់បាញ់ , ២) ជំរុញបើកផ្លូវឲ្យការផ្ដល់ជំនួយមនុស្សធម៌ ទៅកាន់ទីកន្លែងដែលមានការចាំបាច់ និង៣) បង្កើតឲ្យមានបរិយាកាស អនុគ្រោះឲ្យការសន្ទនា ខាងនយោបាយ រវាងភាគីពាក់ព័ន្ធទាំងអស់ រាប់ទាំងក្រុមប្រដាប់អាវុធច្រើនក្រុម ៕

To Top