ព័ត៌មានជាតិ

អាមេរិក អំពាវនាវឲ្យរុស្ស៊ី និងចិន កុំជំទាស់នឹងចំណាត់ការរបស់ UN ប្រឆាំងនឹងកូរ៉េខាងជើង

អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ថា សហរដ្ឋ​អាមេរិក​បានអំពាវនាវឲ្យប្រទេសចិន និងរុស្ស៊ី កាលពីថ្ងៃពុធ កុំឲ្យជំទាស់នឹងសកម្មភាព​របស់អង្គការ​សហប្រជាជាតិ (UN)ដែលបានដាក់បន្ថែមទៀតលើកូរ៉េខាងជើង ដោយព្រមានថា ក្រុមប្រឹក្សាសន្តិសុខ “មិន​អាចនៅស្ងៀមទៀតនោះទេ” នៅគ្រាដែលក្រុងព្យុងយ៉ាងរៀបចំ​សម្រាប់ការសាក​ល្បងនុយក្លេអ៊ែរលើកទី៧ ។

លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានសំដៅលើ “សមាជិកក្រុមប្រឹក្សា២” ដែលលោកស្រីបានលើកឡើងថា ការអត់ធ្មត់ដោយក្រុមប្រឹក្សា​នឹងលើកទឹកចិត្តឱ្យកូរ៉េខាងជើង “បញ្ឈប់ការកើនឡើង ហើយជំនួសមកវិញឱ្យងាកមករកតុចរចាគ្នា” ។

លោកស្រី Thomas-Greenfield បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាដែលកោះប្រជុំដោយសហរដ្ឋអាមេរិក​ស្តីពីការបាញ់​មីស៊ីលផ្លោងចុងក្រោយបំផុតរបស់កូរ៉េខាងជើងថា “ច្បាស់ណាស់ ភាពស្ងៀមស្ងាត់ និងការអត់ធ្មត់​មិនដំណើរការទេ” ។ “វាដល់ពេលហើយដើម្បីបញ្ឈប់ការផ្តល់ការអនុញ្ញាតដោយសម្ងាត់ ហើយចាប់ផ្តើមធ្វើសកម្មភាព” ។

កូរ៉េខាងជើងបានរងទណ្ឌកម្មរបស់អង្គការ​សហប្រជាជាតិតាំងពីឆ្នាំ២០០៦ មកលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ។ សហរដ្ឋអាមេរិក ចង់ឱ្យក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិកចំនួន១៥ បោះឆ្នោតក្នុង​​អំឡុង​ខែឧសភា លើដំណោះស្រាយដែលព្រាងដោយសហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្ម​បន្ថែមលើទីក្រុងព្យុងយ៉ាង ។

លោកស្រី Thomas-Greenfield បានឲ្យដឹងថា “យើងមិនអាចរង់ចាំរហូតដល់ (កូរ៉េខាងជើង) ធ្វើសកម្មភាពបង្កហេតុ ខុសច្បាប់ និងគ្រោះថ្នាក់បន្ថែមទៀត ដូចជាការសាកល្បងនុយក្លេអ៊ែរ” ។ ទីក្រុងវ៉ាស៊ីន​តោនបានវាយតម្លៃថា ប្រទេសកូរ៉េខាងជើងអាចត្រៀមខ្លួន​រួចជាស្រេចដើម្បីធ្វើការធ្វើតេស្តបែបនេះ​នៅដើមខែនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ មហាអំណាចវេតូដែលមានប្រទេសចិន និងរុស្ស៊ី ប្រឆាំងទៅនឹងការដាក់ទណ្​ឌកម្មបន្ថែម​របស់អង្គការសហប្រជាជាតិ ហើយបាននឹងកំពុងជំរុញឱ្យក្រុមប្រឹក្សាបន្ធូរបន្ថយ​វិធានការបែបនេះលើប្រទេសកូរ៉េខាងជើង ក្រោមហេតុផលមនុស្សធម៌ ។ សហរដ្ឋអាមេរិក ឲ្យដឹងថាពេលនេះ​មិនមែនជាពេលវេលាទេ ។

ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសចិន លោក Zhang Jun បានថ្លែងកាលពីថ្ងៃពុធថា សេចក្តីសម្រេចដែលបានព្រាងដោយសហរដ្ឋអាមេរិកគឺ “មិនមែនជាមធ្យោបាយ​សមរម្យដើម្បីដោះស្រាយ​ស្ថានភាពបច្ចុប្បន្ននោះទេ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top