ខេត្តសៀមរាប ៖ អង្គការ ហ្វរផរ និងដៃគូ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ បានរៀបចំនៅសិក្ខាសាលា ស្តីពីការយល់ដឹង អំពីការជួញដូរសាច់សុនខ ក្នុងខេត្តសៀមរាប ដែលជាផ្នែកមួយ នៃពិព័រណ៍សត្វចិញ្ចឹម លើកដំបូងរបស់ខេត្តសៀមរាបផ្ទាល់ ។
ចាប់ពីខែកក្កដា ឆ្នាំ២០២០ទៅ ខេត្តសៀមរាប បានក្លាយជាខេត្តដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា ដែលបានចេញសេចក្តីជូនដំណឹង ហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ ពិឃាតសត្វសុនខ (ឆ្កែ) ។
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-12_12-49-16-1-1024x682.jpg)
សិក្ខាសាលានេះ មានការចូលរួមពីសំណាក តំណាងមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍ ។ សិក្ខាសាលានេះ ក៏មានការចូលរួម ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងរាជធានីភ្នំពេញ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងថ្នាក់ដឹកនាំសាសនាផងដែរ ។
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-12_12-49-22-1-1024x682.jpg)
អង្គសិក្ខាសាលា បានធ្វើការពិភាក្សា អំពីផលប៉ះពាល់ នៃការជួញដូរសាច់សុនខ នៅប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ផលប៉ះពាល់ មកលើសក្តានុពល នៃវិស័យទេសចរណ៍ និងសុខភាពមនុស្ស និងការឈឺចាប់ ដែលមិនអាចនឹកស្មានដល់ ចំពោះមនុស្ស និងសត្វ។ អង្គការ ហ្វរផរ ក៏បានជូនលិខិតថ្លែង អំណរគុណ ដល់អាជ្ញាធរខេត្តសៀមរាប ព្រមទាំងអបអរសាទរ ចំពោះការខិតខំប្រឹងប្រែង របស់ពួកគាត់ ក្នុងការហាមឃាត់ ការធ្វើអាជីវកម្មទិញ លក់ ពិឃាតសត្វសុនខ នៅក្នុងខេត្ត របស់ពួកគាត់ផ្ទាល់ ។ ក្នុងពេលអនាគត អង្គការ ហ្វរផរ គ្រោងនឹងសហការបន្ថែមទៀត ជាមួយអាជ្ញាធរ ដោយមានគោលបំណងលុបបំបាត់ ការជួញដូរសាច់សុនខ និងឆ្មាទូទាំងប្រទេសកម្ពុជា ។
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-12_12-49-27-1-1024x682.jpg)
លោក Matt Backhouse ដែលជាប្រធានផ្នែកការថែទាំសត្វអនាថា ក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការ ហ្វរផរ បានមានប្រសាសន៍ថា “សិក្ខាសាលាមួយនេះ គឺជាសិក្ខាសាលាដ៏ពិសេសមួយ ។ បន្ទាប់ពីប្រឈមនូវបញ្ហាជុំវិញ ជំងឺកូវីដ-១៩ និងផលប៉ះពាល់មកកាន់ពិភពលោក យើងមានសេចក្តីសោមនស្សរីករាយ យ៉ាងអនេកប្បការ ដែលបានឃើញពីការតតាំង យ៉ាងរឹងមាំឆ្ពោះ ទៅរកការបញ្ចប់អាជីវកម្មសាច់សុនខ និងឆ្មានៅកម្ពុជា ។ ការលក់សាច់សត្វចិញ្ចឹម បានជះឥទ្ធិពល នៃផលប៉ះពាល់មកកាន់មនុស្ស និង សត្វផ្ទាល់ ម៉្យាងដើម្បី ផលប្រយោជន៍ របស់ប្រទេសជាតិទាំងមូល យើងសង្ឃឹមថា យើងទាំងអស់គ្នាអាចសហការគ្នា ដើម្បីបញ្ចប់អាជីវកម្ម មួយនេះឱ្យបានល្អ” ។
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-12_12-49-32-1-1024x682.jpg)
តំណាងក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះការបញ្ចប់អាជីវកម្មសាច់សុនខ និងឆ្មានៅប្រទេសកម្ពុជា ប្រកបដោយនិរន្តរភាព។ លោកបានបន្តថា “វាជារឿងធម្មតាដែលភ្ញៀវទេសចរ មិនចង់ឃើញ ហើយវាមានហានិភ័យខ្ពស់ ដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ប្រទេសយើងផ្ទាល់។ ក្រសួងទេសចរណ៍ គឺទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ចប់ការជួញដូរសាច់សុនខនេះ ដើម្បីផលប្រយោជន៍ របស់កម្ពុជា ប្រជាជនផ្ទាល់ និងសហគមន៍អន្តរជាតិ» ។
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-12_12-49-36-1-1024x682.jpg)
លោក ប៉ែន ប៊ុនធឿន ដែលមានវត្តមាន នៅក្នុងអង្គសិក្ខាសាលានេះផងដែរ មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា “យើងមានការសប្បាយចិត្ត ដែលបានទទួលការទទួលការថ្លែង អំណរគុណពី អង្គការ ហ្វរផរ ។ យើងមានមោទនភាព ដែលបានក្លាយជាខេត្តដំបូងគេ ក្នុងប្រទេសកម្ពុជាដែលចេញសេចក្តីជូនដំណឹងហាម ឃាត់ការធ្វើអាជីវកម្មទិញ លក់ ពិឃាតសត្វសុនខ (ឆ្កែ) ហើយយើងនឹងសង្ឃឹមខ្ពស់ ក្នុងការសហការគ្នាជាមួយ អង្គការ ហ្វរផរ និងដៃគូរបស់យើង នាពេលអនាគត ដើម្បីអនុវត្តសេចក្តីហាមឃាត់មួយនេះ។ យើងលើកទឹកចិត្តឱ្យខេត្តផ្សេងទៀត និងប្រជាជាតិ ទាំងមូលរួមរួបគ្នាក្នុងការប្រឆាំង អាជីវកម្មសាច់សត្វចិញ្ចឹមនេះ”។
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-12_12-53-46-1-1024x682.jpg)
លោក ប្រាក់ សុម៉ាធី នាយកជាន់ខ្ពស់ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានបន្ថែមថា “សត្វសុនខ គឺជាចំណែកមួយដ៏សំខាន់ នៃសង្គមយើង វាបានជួយសង្រ្គោះជីវិត ការពារយើង ហើយពួកវាក៏ជាចំណែកមួយក្នុងជីវិត របស់យើងផ្ទាល់ផងដែរ ។ សត្វសុនខគួរណាស់ ត្រូវទទួលបានតម្លៃខ្ពស់ ពីមនុស្សផងដែរ ពួកវាមិនសាកសមនឹងត្រូវបានគេ សម្លាប់សម្រាប់យកសាច់ មកជួញដូរនោះទេ ហើយពួកវាក៏សាកសម នឹងទទួលបានសេចក្តីស្រលាញ់ និងការអាណិតអាសូរពីមនុស្សផ្ទាល់ ។ ខ្ញុំសូមជំរុញ ឱ្យបងប្អូនប្រជាពលរដ្ឋ ផ្ទាល់ចាប់ដៃ សហការគ្នាក្នុងការបញ្ឈប់ នូវការជួញដូរសាច់សុនខ និងឆ្មា” ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)