ភ្នំពេញ ៖ បច្ចុប្បន្ននេះការរីកចម្រើន ផ្នែកបច្ចេកវិទ្យា និងបណ្តាញ ទំនាក់សង្គម បានជំរុញឱ្យ មានការ ផលិតភាពយន្ត ឬវីដេអូខ្លីៗ ជាច្រើន ដើម្បីបម្រើដល់ការកម្សាន្ត របស់មនុស្សគ្រប់វ័យ ។ ប៉ុន្តែទន្ទឹម នឹងការរីកចម្រើននេះ ក៏គេឃើញមានវីដេអូ ដែលផ្សព្វផ្សាយ នៅលើបណ្តាញ ទំនាក់ទំនងសង្គមមួយចំនួនតូចបាន ជះឥទ្ធិពលមិនល្អ ដល់សង្គមជាតិវិញផងដែរ ។
តើក្នុងបរិបទនេះផលិតករ និងសិល្បៈករមានតួនាទីសំខាន់អ្វីខ្លះ ក្នុងការលើកកម្ពស់សីលធម៌សង្គមខ្មែរ និងទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារ ?
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន ក្នុងបទសម្ភាសន៍ នៅទីស្តីការក្រសួង កាលពីពេលថ្មីៗនេះថា ផលិតករ និងសិល្បៈករ សិល្បៈការិនី ត្រូវបានគេចាត់ទុកជា បុគ្គលសាធារណៈ ដ៏សំខាន់ក្នុងផ្សព្វផ្សាយអប់រំ ដល់សង្គមជាតិ ជាពិសេសយុវវ័យ ។
លោកជំទាវបានបញ្ជាក់ថា « តួនាទីរបស់ ផលិតករ អ្នកនិពន្ធ សិល្បករ សិល្បការិនី អ្នកផលិតមាតិកា កម្សាន្តលើបណ្ដាញសង្គម ត្រូវបញ្ជ្រាបខ្លឹមសារ អប់រំក្នុងភាពយន្ត ឬវីដេអូ ដើម្បីចូលរួមទប់ស្កាត់ ការប្រើប្រាស់អំពើហិង្សាលើ ស្ត្រីនិងកុមារ, ត្រូវប្រកាន់ភ្ជាប់នូវសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ក្នុងការផលិតស្នាដៃមុន នឹងយកទៅផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គម, ត្រូវបង្កប់ន័យអប់រំ ដល់ទស្សនិកជន អ្នកគាំទ្រ ជាពិសេសយុវជន និងកុមារ ត្រូវបញ្ឈប់រាល់ ខ្លឹមសារ ឬរូបភាព ដែលបង្កឱ្យមានការប៉ះពាល់ដល់ សីលធម៌សង្គម ប្រពៃណី ទំនៀមទម្លាប់ និងតម្លៃស្ត្រី និងត្រូវបង្កើតស្នាដៃ ដែលមានផលវិជ្ជមានដល់បុគ្គលក្រុម សហគមន៍ និងសង្គមជាតិ»។
ជាមួយគ្នានេះ ការស្លៀកពាក់ការ តុបតែងខ្លួន របស់សិល្បករ សិល្បៈការិនី ក៏ជារឿងសំខាន់ដែរ បើស្លៀកពាក់មិនស្រួល បង្កឱ្យមានរូបភាពអាសអាភាស ពេលផ្សព្វផ្សាយទៅលើបណ្តាញ សង្គម វានឹងជះឥទ្ធិពលមិនល្អ ។
លោកជំទាវរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ក្រសួងពាក់ព័ន្ធគាំទ្រ លើកទឹកចិត្តដល់អ្នកផលិតវីដេអូ ដែលមានខ្លឹមសារអប់រំបម្រើដល់សង្គមជាតិ ហើយមិនគាំទ្រដាច់ខាត់ ចំពោះផលិតករ សិល្បករ សិល្បៈការីនី ឬអ្នកលក់អនឡាញណា ដែលបំពុលសង្គម ប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ និងជំរុញឱ្យមានអំពើហិង្សាលើស្ត្រី និងកុមារ ។
លោកជំទាវបញ្ជាក់ថា ការផ្សព្វផ្សាយផលិតផ្សេងៗ អ្នកនិពន្ធ អ្នកដឹកនាំរឿង ឬអ្នកលក់ផលិតផល តាមអនឡាញមានវិធីសាស្ត្រច្រើន ក្នុងការទាក់ទាញចំណាប់អារម្មណ៍ អ្នកមើលបង្កប់ជាមួយផលប្រយោជន៍សង្គម ។
សំឡេង ៖ «អ្វីដែលត្រូវផ្សព្វផ្សាយ ត្រូវតែជាការពិត មិនមែនចង់ឱ្យតែលក់ដាច់មិនគិតពីផលប៉ះពាល់សង្គមទេ! សិល្ប៍វិធីមានច្រើនណាស់ មិនគួរយកអត្តសញ្ញាណ វប្បធម៌ ប្រពៃណី តម្លៃរបស់ជាតិ យកទៅលេងសើច បម្រើផលប្រយោជន៍ខ្លួននោះទេ គួរតែរៀនសូត្រនូវអ្វី ដែលអាចផ្សព្វផ្សាយបានមិនធ្វើឱ្យធ្លាក់ចុះ នូវតម្លៃសីលធម៌ និងអត្តសញ្ញាណជាតិ »។
លោកជំទាវបញ្ជាក់ថា សិល្បករ សិល្បៈការិនីមានតួនាទីសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយដំណឹងអ្វីមួយ ព្រោះពួកគេម្នាក់ៗមានអ្នកគាំទ្រ នៅលើបណ្តាញសង្គមរាប់លាននាក់ ដូច្នេះបើពួកគាត់ធ្វើជាអ្នកនាំសារ ផ្សព្វផ្សាយពីតម្លៃជាតិ វប្បធម៌របស់ខ្មែរ នឹងធ្វើឱ្យមានការជះឥទ្ធិពលល្អមកលើសង្គមជាតិ ។
លោកសុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ ជាផលិតករម្នាក់បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា ផលិតករ សិល្បៈករ សិល្បៈការីនី ពិតជាមានតួនាទីសំខាន់ ក្នុងការលើកកម្ពស់សីលធម៌សង្គមខ្មែរ ។
លោកបញ្ជាក់ថា ផលិតករ សិល្បៈករ សិល្បៈការីនី មុននឹងផលិតរឿង ឬវីដេអូអ្វីមួយ ត្រូវគិតពីក្រមសីលធម៌ ច្បាប់សង្គម តម្លៃអប់រំ លើកតម្លៃសង្គម ស្ត្រី និងកុមារ។
សំឡេង ៖ « ការបញ្ចូលនូវក្រមសីលធម៌ គឺវាមានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់អ្នកទស្សនា ជាពិសេសក្មេងៗវាជាគំរូ ព្រោះថាក្មេងៗ គេមិនអាចទទួលបានការអប់រំដោយគ្មានគំរូទេ ដូច្នេះ បើយើងធ្វើគ្រាន់តែដើម្បីយកតែការទាក់ទាញ វាមិនត្រឹមត្រូវទេ ផលិតឱ្យតែបានថាផលិត ញ៉ាំឱ្យបានតែញ៉ាំវាមិនមានជីវជាតិ ។ កម្មវិធីអ្វីមួយសម្រាប់ផ្សាយ ក៏វាដូចគ្នាដែរ យើងត្រូវគិតគូរពីសីលធម៌ វប្បធម៌ ទំនៀមទំលាប់ និងស្គាល់ថា ខ្លួន ឯងជាខ្មែរ» ។
ដើម្បីលើកកម្ពស់តម្លៃសង្គមនេះដែរ លោក សុវណ្ណ ឬទ្ធី ក៏បានស្នើដល់ម្ចាស់ឧបត្ថម្ភ ត្រូវចេះមើលពីតម្លៃកម្មវិធី ឬសាច់រឿង អត្ថន័យខ្លឹមសារផង មិនមែនអាងតែមានលុយ ចេះតែគាំទ្រនោះទេ បើមិនដូច្នោះទេ ការគាំទ្រនោះ នឹងធ្វើឱ្យកាន់តែបាត់បង់តម្លៃស្ត្រី និងប៉ះពាល់សង្គមជាតិវិញជាមិនខាន។
ជាមួយគ្នានេះដែរ លោក ស៊ុ សារុន ហៅសាន់តាKH ជាអ្នកផលិតវីដូអូខ្លី និងជាតារាសម្តែងបែបកំប្លែងម្នាក់ ក៏ចាត់ទុកថា លោកក៏ដូចជា សិល្បករផ្សេងៗទៀតដែរ គឺជាមនុស្ស ដែលសង្គមស្គាល់ច្រើនបើផ្សាយមិនស្រូលទេ នឹងមានផលប៉ះពាល់ សល់សង្គមជាតិ និងអ្នកទស្សនា ។ ដូច្នេះ លោកមានតែការប្តេជ្ញា ខិតខំរៀនសូត្រ និងផលិតវីដេអូថ្មីៗឱ្យបានច្រើន ដោយបញ្ចូលនូវសារអប់រំពាក់ព័ន្ធទៅនឹងតម្លៃសង្គម លើកកម្ពស់តម្លៃស្ត្រី កុមារ ជាពិសេសសារអប់រំ ពីបញ្ហាគ្រឿងញៀន គ្រឿងស្រវឹងជាដើម ។
សំឡេង៖ «ជាទូទៅការធ្វើវីដេអូ របស់ខ្ញុំបែបកំប្លែង សប្បាយៗតាមទីសាធារណៈ ហើយបន្តទៀតយើងនឹងបង្កើនការបញ្ចូលសារ អប់រំឱ្យបានច្រើន ហើយបន្ទាប់ពីបានស្តាប់លោកអ៊ំជំទាវ គាត់មានប្រសាសន៍អ៊ីចឹង ធ្វើឱ្យយើងកាន់តែនឹកឃើញបង្កើត នូវអ្វីដែលថ្មី និងមានការអប់រំ» ។
ក្រុមអ្នកតាមដាន ផ្នែកសង្គមនៅកម្ពុជាបានមើលឃើញថា អ្នកដែលធ្វើឱ្យមានបញ្ហាបំពុលសង្គមធ្វើឱ្យប៉ះពាល់តម្លៃស្ត្រី ប្រពៃណីវប្បធម៌ ភាគច្រើនមិនមែនអ្នកសិល្បៈអាជីពទេ តែផ្ទុយទៅវិញគឺជាអ្នកលេងបណ្តាញ សង្គមមានដូចជា ៖ ហ្វេសបុក Tik Tok យូធូប ហើយតាំងខ្លួនជាតារា និងមួយចំនួន គឺអ្នកលក់ តាមអនឡាញមួយដែល ខ្លះបានស្លៀកពាក់មិនសមរម្យ ចូលចិត្តយករឿងគ្រួសារ មបញ្ចេញជា សាធារណៈនាំ ឱ្យមានការបំពុលសង្គមជាដើម ។
សរុបជារួមមកផលិតករ សិល្បៈករ សិល្បៈការិនី អ្នកនិពន្ធទាំងអស់ ពិតជាមានតួនាទីសំខាន់ណាស់ តាមរយៈការបញ្ចូលខ្លឹមសារអប់រំខ្លីៗ ទាក់ទងនឹងការលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រី ទៅក្នុងបណ្តាភាពយន្ត ចម្រៀង ភាពយន្តខ្នាតធំ ភាពយន្តភាគ ឬវីដេអូរបស់ខ្លួន ដោយប្រកាន់ភ្ជាប់នូវវប្បធម៌អហិង្សា និងលើកកម្ពស់ការ រស់នៅប្រកបដោយភាពស៊ីវីល័យ ឱ្យសក្ដិសមជាប្រទេស មានសុខសន្តិភាពការអភិវឌ្ឍ និងជាប្រទេស ដែលមានតម្លៃសីលធម៌សង្គមល្អ ផូរផង់ដែលបន្សល់ទុកពីដូនតាខ្មែរយើងរាប់ជំនាន់តរៀងមក ៕
(អត្ថបទវិទ្យុមិត្តភាពកម្ពុជា -ចិន )