ព័ត៌មានជាតិ

ឥណ្ឌូនេស៊ី អញ្ជើញរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រទេស G20 គ្រោងធ្វើនៅខែកញ្ញា

ភ្នំពេញ៖ ក្នុងជំនួបនៅរដ្ឋធានីវ៉ាស៊ីនតោន ទឹកដីសហរដ្ឋអាមេរិក លោក Muhammad Lutfi រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី បានអញ្ជើញលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេស G20 ដែលគ្រោងនឹងប្រព្រឹត្តទៅខែកញ្ញាខាងមុខ នៅឥណ្ឌូនេស៊ី ។

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ បានជួបពិភាក្សាការងារជាមួយលោក Muhammad Lutfi ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើការងារ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។

ក្នុងជំនួបនោះភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មទាំងក្នុងតំបន់ និងសកល ព្រមទាំងបានពិភាក្សាលើប្រធានបទ មួយចំនួនដែលត្រូវយកចិត្តទុកដាក់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេស រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានខាងមុខ ដែលកិច្ចប្រជុំទាំងនោះផ្តោតសំខាន់ លើមជ្ឈភាពអាស៊ាន ការធ្វើឱ្យស៊ីជម្រៅខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ការប្រែប្រួលនៃភូមិសាស្រ្តនយោបាយ និងផលប៉ះពាល់ដល់សេដ្ឋកិច្ចតំបន់-សកល ព្រមទាំងសេដ្ឋកិច្ចបៃតង ជាដើម។

ជាមួយគ្នានេះលោក Muhammad Lutfi ក៏បានអញ្ជើញលោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេស G20 ដែលប្រទេសឥណ្ឌូនេស៊ី ជាប្រធាន រួមមាន កិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម-វិនិយោគនិងឧស្សាហកម្ម និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ដែលគ្រោងនឹងប្រព្រឹត្តទៅខែកញ្ញាខាងមុខ នៅប្រទេសឥណ្ឌូនេស៊ីផងដែរ។

ទន្ទឹមគ្នានោះដែរ រដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មជាមួយគ្នា ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល៕

To Top