ភ្នំពេញ ៖ និយ័តករមូលបត្រកម្ពុជា បានប្រកាសទទួលស្គាល់ ធនាគារអេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ(Custodian)។ តាមរយៈអនុម័តផ្តល់វិញ្ញាបនបត្រនេះ ធនាគារអេស៊ីលីដា នឹងប្តេជ្ញាផ្តល់សេវាថែរក្សាសុវត្ថិភាពសាច់ប្រាក់ និងសុវត្ថិភាពមូលបត្រ ជូនវិនិយោគិនប្រកបដោយទំនុកចិត្តខ្ពស់ ។
ក្នុងឱកាសប្រគល់វិញ្ញាបនបត្រទទួលស្គាល់ធនាគារអេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ពីនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងថា នៅឆ្នាំ២០២២នេះ ធនាគារអេស៊ីលីដា សម្រេចបាននូវសមទ្ធផលថ្មីមួយបន្ថែមទៀត ដោយទទួលបានវិញ្ញាបនបត្រទទួលស្គាល់ធនាគារ អេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ពីនិយ័តករមូលបត្រកម្ពុជាដែលធ្វើឲ្យធនាគារអេស៊ីលីដាក្លាយជាធនាគារពាណិជ្ជទីមួយនៅកម្ពុជា ដែលនឹងផ្ដល់សេវារក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។
លោកបណ្ឌិត អ៊ិន ចាន់នី បញ្ជាក់ថា “ផ្សារមូលបត្រជាសូចនាករមួយសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច យើងសង្កេតឃើញថា វិស័យមូលបត្រនៅកម្ពុជាបាននឹងកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ដែលជាចលកមួយដ៏មានសារៈសខាន់ នាំឲ្យធនាគារអេស៊ីលីដា សម្រេចចិត្តបោះជំហាន ក្នុងការផ្ដល់នូវសេវាកម្មនេះ។ ភ្នាក់ងាររក្សាសុវត្ថិភាព ក្នុងវិស័យមូលបត្រ គឺជាសេវាកម្មថ្មីមួយរបស់ធនាគារអេស៊ីលីដា ក្នុងការបម្រើសេវាកម្មរក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ជូនវិនិយោគិននិងសាធារណជន។ មុខងារចម្បងៗនៃសេវាកម្មនេះរួមមាន៖ គណនីរក្សាសុវត្ថិភាពសាច់ប្រាក់ ,គណនីសក្សាសុវត្ថិភាពមូលបត្រ និងសេវាភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ”។
លោកមានជំនឿយ៉ាងមុតមាំថា ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិន ជាពិសេសវិនិយោគិនបរទេសឲ្យមកវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា ពីព្រោះការវិនិយោគមូលបត្រនៅក្រុមហ៊ុនបរទេសចាំបាច់ត្រូវធ្វើឡើងតាមរយៈភ្នាក់ងារ រក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។ លើសនេះទៀតភ្នាក់ងារនេះ នឹងចូលរួមជំរុញធ្វើឲ្យផ្សារមូលបត្រនៅកម្ពុជាកាន់តែសកម្ម។
ជាមួយគ្នានោះលោក ស៊ូ សុជាតិ ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុក ជា អគ្គនាយក និយ័ត ករ មូល ប ត្រ កម្ពុជា ថ្លែងថា ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ គឺដើរតួនាយ៉ាងសំខាន់ក្នុងការតភ្ជាប់ននឹងបង្កើនឲ្យមានលំហូរទុនវិនិយោគមកក្នុងវិស័យមូលបត្រព្រមទាំងផ្ដល់សេវាកម្ម ដូចជា គណនីរក្សាសុវត្ថិភាពសាច់ប្រាក់ ,គណនីសក្សាសុវត្ថិភាពមូលបត្រ និងសេវាភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រ និងទ្រព្យដទៃទៀតដែលពាក់ព័ន្ធក្នុងការជួញដូរលក្នុងវិស័យមូលបត្រ។ ការដាក់បញ្ជាទិញលក់មូលបត្រទៅក្រុមហ៊ុនមូលបត្រតាមការអនុញ្ញាតរបស់វិនិយោគិនក៏ដូចជាការទូទាត់មូលបត្រឬក៏សាច់ប្រាក់ពាក់ព័ន្ធផ្សេងទៀត តាមការណែនាំរបស់ម្ចាស់មូលបត្រ។ មានន័យថាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រនេះ ដើរតួនាទីតំណាងឲ្យម្ចាស់មូលបត្រ។
លោកបញ្ជាក់ថា “ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ នឹងក្លាយជាតួអង្គថ្មីមួយដ៏សំខាន់ដែលជំរុញឲ្យទីផ្សារនេះ កាន់តែទទួលបានទំនុកចិត្តពីវិនិយោគិន ជាពិសេសពីវិនិយោគិនស្ថាប័នពីបរទេស។ ក្នុងត្រូវមាសទី១ ឆ្នាំ២០២២ ចំនួនវិនិយោគិនពីបរទេសគឺមានប្រហែល១៤ភាពរយ នៃវិនិយោគិនសរុបដែលបានទទួលរួចហើយ នូវលេខអត្តសញ្ញាណពីនិយ័តករមូលបត្រកម្ពុជា”។
បន្ថែមជាមួយគា្ននេះដែរ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូត្រកម្ពុជា ឲ្យដឹងដែរថា ជាជំហានថ្មីមួយទៀតរបស់ផ្សារមូលបត្រនៅកម្ពុជា ដែលទទួលបានអ្នកចូលរួមថ្មីមួយ គឺធនាគារអេស៊ីលីដា ភី អិល ស៊ី ដែលបានក្លាយជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រដំបូងគេ។ ការចូលរួមរបស់ធនាគារអេស៊ីលីដា នៅក្នុងទីផ្សារមូលបត្រ គឺជាការចូលរួមអភិវឌ្ឍន៍នៃការរីកចម្រើននៃវិស័យមូលបត្រ។
លោកឲ្យដឹងទៀតថា “ការចូលរួមរបស់ធនាគារអេស៊ីលីដា ស្របពេលដែលទីផ្សាររបស់យើងកំពុងតែចាប់ផ្ដើមរីកចម្រើនខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងការកើនឡើងយ៉ាងច្រើននូវចំនួនវិនិយោគិននិងទំហំជួញដូរ។ ជាក់ស្ដែងឆ្នាំ២០០៨-២០១៨ ទំហំជួញដូរឆ្នាំខ្លះ ក្រោម១ម៉ឺនដុល្លារ និងឆ្នាំខ្លះឡើងដល់១ម៉ឺនដុល្លារជាង” ។
លោកបន្ថែមថា នៅក្នុងឆ្នាំ២០១៩ទំហំជួញដូរប្រចាំថ្ងៃបានកើនឡើងជិត១៦ម៉ឺនដុល្លារ ។ លោករំពឹងថា ជាមួយនឹងការផ្ដល់អាជ្ញាប័ណ្ណ ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ដល់ធនាគារអេស៊ីលីដាថ្ងៃនេះ នឹងអាចទាក់ទាញទាំងក្រុមហ៊ុននិងវិនិយោគិនថ្មីៗបន្ថែមទៀត ដើម្បីមកចុះបញ្ជីនឹងលក់ភាគហ៊ុន ក៏ដូចជាមកវិនិយោគក្នុងទីផ្សារមូលបត្រនៅកម្ពុជា ៕