កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅរសៀលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ នេះបានដឹកនាំ មន្ត្រីរាជការ ក្នុងខេត្តកំពង់ចាមប្រារព្ធពិធី ចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ៦៩ យាងចូល ៧០ ព្រះវស្សា ។
ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា តំណាងឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម បានអានសារលិខិត ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៦៩ យាងចូល ៧០ ព្រះវស្សា ដែលប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។
នាឱកាសដ៏មហានក្ខត្តឫក្សឧត្ដុងឧត្ដមថ្លៃថ្លា ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាសេ្វតច្ឆត្រ ព្រមទាំងទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី សូមជួយប្រោះព្រំព្រះសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំ ដល់ប្រជារាស្ត្រខ្មែរអស់កាលជានិច្ចនិរន្តរ៍តរៀងទៅ៕



