ព័ត៌មានជាតិ

មេប៉ូលីស ណែនាំមន្ដ្រីក្រោមឱវាទ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើពលរដ្ឋដោយអត់ធ្មត់

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកទឹកចិត្ត កងកម្លាំងនគរបាលជាតិ ប្រឹងប្រែងបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ និងមានមនសិកាវិជ្ជាជីវៈខ្ពស់។

តាមរយៈសារលិខិតរបស់អគ្គស្នងការនគរបាលជាតិ ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី៧៧ ថ្ងៃកំណើតនគរបាលជាតិ ១៦ ឧសភា នាយឧត្តមសេនីយ៍ នេត សាវឿន បានឲ្យដឹងថា អំឡុងឆ្នាំ២០២២ សភាពការណ៍សន្តិសុខសកលលោកនៅតែបន្តប្រែប្រួលដោយភាពស្មុគ្រស្មាញ ដែលហេតុការណ៍ មួយចំនួនអាចជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលដល់កម្ពុជា។

ក្នុងអំឡុងពេលដូចគ្នានេះផងដែរ ព្រឹត្តិការណ៍នយោបាយជាតិ និងព្រឹត្តិការណ៍អន្តរជាតិមួយចំនួន នឹងត្រូវរៀបចំប្រព្រឹត្តទៅនៅកម្ពុជាទៀតផង។

នាយឧត្តមសេនីយ៍ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមគ្រាំទ្រលើកទឹកចិត្តដល់ បងប្អូនកង កម្លាំងនគរបាលជាតិទាំងអស់ ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់ នូវវិន័យ សីលធម៌ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឹងម៉ាត់ និងមានមនសិការវិជ្ជាជីវៈខ្ពស់។

ទន្ទឹមនេះក៏ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយអនុវត្តឲ្យបានខ្ជាប់ ខ្ជួននូវវិធានសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើជាគំរូល្អដល់សាធារណជន»។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានលើកឡើងថា ទន្ទឹមនេះបញ្ហាប្រឈមមួយចំនួន នៅតែបន្តកើតមានឡើងដូចជា៖ បទឧក្រិដ្ឋឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ បទល្មើសបច្ចេកវិទ្យា ជាដើម។ ព្រឹត្តិការណ៍ និងហេតុការណ៍ ទាំង អស់នេះ ទាមទារចាំបាច់ឲ្យកងកម្លាំងនគរបាលជាតិ បន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ខិតខំប្រឹងប្រែងអនុវត្តឲ្យ បានម៉ឺងម៉ាត់ ហ្មត់ចត់ រាល់ផែនការ វិធានការ ក៏ដូចជា យុទ្ធនាការសំខាន់ៗរបស់រាជរដ្ឋាភិបាល និងក្រសួង មហាផ្ទៃ ដើម្បីធ្វើឲ្យបរិយាកាសសង្គមមានភាពកក់ក្តៅ មានលក្ខណៈសម្បត្តិល្អប្រសើរ បម្រើឲ្យព្រឹត្តិការណ៍ នយោបាយជាតិ និងព្រឹត្តិការណ៍អន្តរជាតិទាំងនេះ៕

To Top