ព័ត៌មានជាតិ

បទវិភាគ ៖ ប្រទេសចិន នៅតែជាគោលដៅ ពេញនិយម សម្រាប់ការបណ្តាក់ទុន របស់ពាណិជ្ជករ បរទេសដដែល

យោងតាមទិន្នន័យ ដែលក្រសួងពាណិជ្ជកម្ម របស់ចិនចេញផ្សាយ នៅថ្ងៃទី១២ ខែឧសភា បានឱ្យដឹងថា ក្នុងរយៈពេល៤ ខែដំបូងឆ្នាំនេះ ប្រទេសចិន បានប្រើប្រាស់ ជាក់ស្តែងនូវទុនបរទេស ចំនួន៤៧៨៦១០លានប្រាក់យាន់ចិន កើនជាង២០.៥ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំ២០២១ ។ ក្នុងនោះ ឧស្សាហកម្មបច្ចេកទេស បានកៀរគរទុនបរទេស កើនជាង៤៥.៦ ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១ ខ្ពស់ជាង២៥.១ភាគរយ បើប្រៀបធៀប នឹងកម្រិតកំណើនជាមធ្យម ក្រៅពីនេះ គម្រោងថ្មីៗ ដែលតាមកិច្ចព្រមព្រៀង ទុនបរទេសនឹង ចុះវិនិយោគលើសពី១ រយលានដុល្លារអាមេរិក មានចំនួន១៨៥ ពោល គឺគិតជាមធ្យម ជារៀងរាល់ថ្ងៃ បានចុះហត្ថលេខាលើ គម្រោងទុនបរទេសធំៗ ចំនួន១.៥ ។ ប្រការទាំងនេះសុទ្ធតែបង្ហាញ យ៉ាងពេញលេញថា ប្រទេសចិនកៀរគរទុនបរទេស មានលក្ខណៈពិសេសយ៉ាងលេចធ្លោ គឺមានកំណើនលឿន មានប្រាក់ទុនច្រើនហើយមានស្ថិរភាព ។

ប្រឈមនឹងកត្តាហួសពីការប៉ាន់ប្រមាណ ដូចជាជំងឺកូវីដ១៩ បានរីករាលដាលទាំងក្នុងស្រុក និងអន្តរជាតិ សារចុះសារឡើង និងស្ថានការណ៍អន្តរជាតិ មានភាពមិនប្រាកដប្រជា កាន់តែច្រើនឡើងៗជាដើម ទុនបរទេសបាន “ធ្វើការបោះឆ្នោតតាមរយៈជើង របស់ពាណិជ្ជករ” ដោយបានបញ្ជាក់ថា ប្រទេសចិន នៅតែជាគោលដៅពេញនិយម សម្រាប់ការបណ្តាក់ទុន របស់ពាណិជ្ជករបរទេសដដែល ។

ក្នុងរយៈពេលពីរ ឆ្នាំចុងក្រោយនេះ ដោយសារបានរងឥទ្ធិពល ពីការវាយប្រហារពីជំងឺកូវដី១៩ និងការសម្របសម្រួល នៃការចាត់ចែង និងរៀបចំ នៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់លើសកលលោក បានជាការវិនិយោគពហុជាតិ នៅទូទាំងពិភពលោកបានរងផលប៉ះពាល់ខ្លាំងបង្គួរ ប៉ុន្តែ ការប្រើប្រាស់ទុនបរទេសរបស់ចិននៅតែរក្សាកំណើនយ៉ាងនឹងនរជាប់ជានិច្ច ។ សភាពការកៀរគរទុនបរទេស របស់ចិនក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះ បានរក្សានិន្នាការដ៏ល្អប្រសើរ ។ ការពិតជាក់ស្តែងបានបង្ហាញថា មិនថាមនុស្សមួយចំនួន ឃោសនាបំប៉ោង ពីពាក្យសំដីស្តីពី “ទុនបរទេសដក ចេញពីចិន” ក៏ដោយ ក៏ត្រឹមតែជារឿង គួរឱ្យអស់សំណើចប៉ុណ្ណោះ ។

ហេតុអ្វីបានជាទុនបរទេស មានសុទិដ្ឋិនិយមយ៉ាងមុតមាំ ចំពោះប្រទេសចិន ? កត្តាទាំងពីរដែលទាក់ទាញ ក្រុមហ៊ុនពហុជាតិជាងគេ គឺទីផ្សារចិននិងកំណើនសេដ្ឋកិច្ច ។

នៅត្រីមាសទីមួយឆ្នាំនេះ ផលិតផលក្នុងស្រុកសរុបរបស់ចិនបានកើនជាង ៤.៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ។ តួលេខនេះត្រូវប្រព័ន្ធសារព័ត៌មាន ជាច្រើនវាយតម្លៃថា “បានលើសពីការប៉ាន់ប្រមាណ” ។ ពិតមែនតែប្រឈមនឹងការសាកល្បងជាច្រើនក៏ដោយ ក៏ប៉ុន្តែ និន្នាការល្អប្រសើរ នៃសេដ្ឋកិច្ចចិនដែលមានស្ថិរភាពក្នុងរយៈពេលយូរមិនបានកែប្រែដែរ ។ ក្នុងបរិយាកាសប្រកបដោយស្ថិរភាពនិងកំណើន សហគ្រាសទុនបរទេស នឹងទទួលបាន “អារម្មណ៍សុវត្ថិភាព” កាន់តែច្រើន ។
ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក ប្រទេសចិនបានពង្រីកការបើកទូលាយទៅកាន់បរទេសប្រកបដោយកម្រិតខ្ពស់ឥតឈប់ឈរ ។ ជាពិសេស ប្រទេសចិនបានអនុវត្ត «ច្បាប់ស្តីពីការវិនិយោគរបស់ពាណិជ្ជករបរទេស» ដើម្បីបន្តខិតខំប្រឹងប្រែងកែសម្រួលប្រព័ន្ធរបបសម្រាប់ការបើកទូលាយ និងសកម្មឆ្លើយតបនឹង សំណូមពររបស់ពាណិជ្ជករបរទេសស្តីពីចង់បានភាពងាយស្រួលកាន់តែច្រើន ខណៈប្រកបអាជីវកម្មនិង វិនិយោគទុននៅប្រទេសចិន ប្រការទាំងនេះហាក់ដូចជាផ្តល់ “ឱសថពង្រឹងជំនឿចិត្ត ” ដល់ទុនបរទេស ដែលនឹងអភិវឌ្ឍនៅប្រទេសចិន ។ ដូច្នេះយើងអាចមើលឃើញថា ហេតុអ្វីបានជាក្នុង«របាយការណ៍ពិនិត្យអង្កេត ពីបរិយាកាសប្រកបអាជីវកម្ម របស់ចិន»ប្រចាំឆ្នាំ២០២២ ដែលសភាពាណិជ្ជកម្ម អាមេរិកនៅចិន ចេញផ្សាយនៅខែមីនាបានប្រកាសថា ប្រទេសចិននៅតែជាគោលដៅមួយ ក្នុងចំណោមគោល ដៅវិនិយោគធំទាំងបីនៅលើពិភពលោក ដែលសហគ្រាស៦០ភាគរយ មានផែនការចុះវិនិយោគក្នុងរយៈពេលខ្លីខាងមុខនេះ ជាងនេះទៅទៀត មានសហគ្រាស ៦៦ភាគរយ មានផែនការបន្ថែមវិនិយោគនៅចិនក្នុងឆ្នាំនេះ ។

“ ទ្វារបើកទូលាយរបស់ចិននឹងមិនបិទទេ ផ្ទុយទៅវិញនឹងបើកកាន់តែទូលំទូលាយ ” ។ នេះជាពាក្យសន្យាយ៉ាងមុតមាំ របស់ចិនចំពោះពិភពលោក ។ យោងតាមកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ត្រូវបានអនុវត្ត លើវិស័យពាណិជ្ជកម្ម សេវាកម្មនិងវិនិយោគ ប្រទេសចិននឹងបន្ធូរបន្ថយកាន់តែទូលំទូលាយនិងកាន់តែច្រើន នូវការដាក់កំហិតចំពោះការអនុញ្ញាតឱ្យទុនបរទេសចូល ទីផ្សាររបស់ប្រទេសចិន ដើម្បីផ្តល់ឱកាសកាន់តែច្រើន ដល់សហគ្រាសទុនបរទេស ៕

To Top