ព័ត៌មានជាតិ

ប្រធានសមាគមសហព័ន្ធ ធុរកិច្ចទីផ្សារបណ្ដាញ លើកទឹកចិត្ត ឲ្យខិតខំធ្វើអាជីវកម្ម តទៅទៀត បន្ទាប់ពីកម្ពុជា បើកប្រទេសវិញ

ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា បានជំរុញ លើកទឹកចិត្ត ដល់សមាជិក-សមាជិកា សមាគមរបស់ខ្លួនថា បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ ទោះបីសមាជិក-សមាជិកសមាគម មានលទ្ធភាពតិចក្ដីច្រើនក្ដី ឱ្យតែមានការសាមគ្គីគ្នា សហការគ្នាជិតស្និទ្ធ នោះលទ្ធភាព នៃការធ្វើអាជីវកម្មជោគជ័យនៅតែមាន។

ការថ្លែងលើកទឹកចិត្តនេះធ្វើឡើង ក្នុងពិធីប្រគល់ពានរង្វាន់បុគ្គល ដែលមានស្នាដៃឆ្នើម នៃសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន Grand Terrace ខណ្ឌទួលគោក។

លោក ឡី សុភាព បានលើកឡើង អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលមកដល់ អ្នកធ្វើអាជីវកម្មទីផ្សារបណ្ដាញ តាមរយៈការអនុម័តច្បាប់ ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិក និងច្បាប់ស្ដីពីកិច្ចការពារ អ្នកប្រើប្រាស់ សម្រាប់គាំទ្រដល់ធុរកិច្ច ទីផ្សារបណ្ដាញនៅកម្ពុជា លើកស្ទួយនិងការពារអ្នកប្រកបអាជីវកម្មស្របច្បាប់ ទប់ស្កាត់អ្នកធ្វើអាជីវកម្មល្មើសច្បាប់ជាដើម។

លោកប្រធាន បានថ្លែងថា «បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ ទោះបីសមាជិក-សមាជិកសមាគមមានលទ្ធភាពតិចក្ដីច្រើនក្ដី ឱ្យតែមានការសាមគ្គីគ្នា សហការគ្នាជិតស្និទ្ធ នោះលទ្ធភាព នៃការធ្វើអាជីវកម្មជោគជ័យ នៅតែមានឱកាសរីកចម្រើនតទៅមុខទៀត»។

ជាមួយគ្នានោះ លោក ឡី សុភាព បានដាក់ទិសដៅនិងអំពាវនាវដល់ក្រុមហ៊ុន ដែលធ្វើអាជីវកម្មផ្នែកទីផ្សារបណ្ដាញ ត្រូវតែគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើគ្មានការគោរពច្បាប់ ឬមានផលិតផលចរាចរណ៍ដោយមិនស្របច្បាប់ សមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា នឹងសហការជាមួយដែនដី កម្លាំងមានសមត្ថកិច្ច ចុះបង្ក្រាបក្រុមហ៊ុនណា ដែលល្មើសនឹងច្បាប់ទាំងនោះ ដោយលោកអះអាងថាប្រសិនបើមានក្រុមហ៊ុនល្មើសច្បាស់ទាំងនោះ អាចនឹងប៉ះពាល់ដល់ក្រុមហ៊ុន ដែលប្រកបអាជីវកម្ម ស្របច្បាប់ត្រឹមត្រូវ ដូចជា ការប្រកួតប្រជែង តម្លៃខុសគ្នា និងអាចប៉ះពាល់ដល់សុខមាលភាពប្រជាជនផងដែរ។

លោកបានបន្តណែនាំ ដល់អ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញត្រូវតែយល់ដឹងស៉ីជម្រៅ អំពីអាជីវកម្មដែលមានការទទួលស្គាល់ច្បាស់លាស់ ដើម្បីប្រកបការងារ-មុខរបរបានស្របច្បាប់ និងដើម្បីទាក់ទាញ ឱ្យប្រជាជនចូលរួមប្រកបមុខរបរជាមួយខ្លួនប្រកបដោយទំនុកចិត្ត និងស្មើមុខស្មើមាត់ នៅគ្រប់មូលដ្ឋានទាំងអស់។

លោកប្រធាន ឡី សុភាព ក៏មិនភ្លេចអំពាវនាវ ដល់ក្រុមហ៊ុននីមួយៗត្រូវដាក់គោលនយោបាយ លក់ចេញ-ទិញចូលឱ្យបានច្បាស់លាស់ ដើម្បីតាមដានពីវឌ្ឍនភាពការងារ មុខរបរ អាជីវកម្មរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ត្រូវមានគោលនយោបាយ អភិវឌ្ឍធនធានមនុស្ស ទាំងកិច្ចការអាជីវកម្ម និងជំនាញបច្ចេកទេសនីមួយៗ ពិសេសត្រូវឧស្សាហ៍ចូលរួមជួបជុំគ្នា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងសហការគ្នាធ្វើចលនា ឱ្យប្រជាជនមានការគាំទ្រកាន់តែច្រើន និងកាន់តែរឹងមាំ។

លើសពីនេះ លោកបានដាស់តឿន ឱ្យសមាជិក-សមាជិក និងក្រុមហ៊ុនត្រូវមានវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង។ លោកលើកឧទាហរណ៍មួយថា ប្រសិនបើមានបញ្ហា ឬកំហុសខុសឆ្គងណាមួយ សូមកុំមានការប្រកែកគ្នា រកខុសរកត្រូវ, អ្នកទាំងអស់គ្នា ត្រូវមើលទៅលើស្ថាប័ន ឬក្រុមហ៊ុនទាំងមូល កុំមើលតែបុគ្គលតែម្នាក់ៗដែលធ្វើខុសនោះទេ ព្រោះស្ថាប័នមួយរីកចម្រើន តែងកើតចេញពីការខិតខំ ការសាមគ្គី ឯកភាពផ្ទៃក្នុងនេះឯង។

ប្រធានសមាគមសហព័ន្ធ ធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា រូបនេះ ក៏បានផ្ដល់ជាគន្លឹះមួយចំនួន ដល់សមាជិក-សមាជិកា ក្រុមហ៊ុន ដែលធ្វើអាជីវកម្មផ្នែកទីផ្សារបណ្ដាញ អំពីការរៀបចំផែនការអាជីវកម្ម ឱ្យបានច្បាស់លាស់ ព្រមទាំងមធ្យោបាយល្អៗ ក្នុងការពង្រីក-ពង្រឹងអាជីវកម្ម របស់ខ្លួនផងដែរ៕

To Top