ព័ត៌មានជាតិ

លោក អូស្មាន ហាស្សាន់ អញ្ជើញសំណេះសំណាល ជាមួយ សាខាបក្ស និងអនុសាខាបក្ស ចំណុះ គណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ

ភ្នំពេញ៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញសំណេះសំណាលជាមួយ សាខាបក្ស និងអនុសាខាបក្ស ចំណុះគណបក្សប្រជាជនកម្ពុជា ចំនួន ៤២៥នាក់ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងពិធីនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ជូនដល់សាខាបក្ស និងអនុសាខាបក្សទាំង ៤២៥រូប ផងដែរ។

លោក បានលើកឡើងថា ក្នុងនាមជា សាខាបក្ស និងជាអនុសាខាបក្ស របស់គណបក្សប្រជាជនកម្ពុជា ត្រូវខិតខំធ្វើយ៉ាងណាដើម្បីបំពេញកាតព្វកិច្ចឲ្យបានល្អ និងត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ យុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងត្រូវចាប់ផ្តើមនូវថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

លោក បានសង្កត់ធ្ងន់ថា បើគណបក្សយើងឈ្នះ យើងឈ្នះទាំងអស់គ្នា តែបើគណបក្សយើងចាញ់ យើងចាញ់ទាំងអស់គ្នា ដូចច្នេះយើងត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីទទួលបានជ័យជំនះ សម្រាប់ការបោះឆ្នោតនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

លោក ហាស្សាន់ ក៏បានរំលឹកអំពីប្រវត្តិរបស់គណបក្ស ក្នុងការតស៊ូរំដោះប្រទេសជាតិនិងប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ជាពិសេសនយោបាយឈ្នះ ឈ្នះ ដែលធ្វើឲ្យប្រទេសយើងមាន លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញដោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហើយបានធ្វើការអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនដោយកម្ពុជា សព្វថ្ងៃនេះ ជាប់ចំណាត់ថ្នាក់លេខ៧ លើពិភពលោក ក្នុងនាមជាប្រទេសមានការអភិវឌ្ឍលឿន។
លោកបណ្ឌិត អូស្មាន ហាស្សាន់ បានបន្តថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់ អាស៊ាន និងជាប់ចំណាត់ថ្នាក់លេខ២ លើសកលលោក ជាប្រទេសដែលចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើន។

ជាមួយគ្នានោះ លោក បានណែនាំប្រជាពលរដ្ឋ ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំសុខភាព បន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងប្រញាប់ប្រញាល់ទៅទទួលវ៉ាក់សាំងដូសជំរុញលើកទី៣ ឬលើកទី៤ ព្រមទាំងនាំកូនចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នានិងត្រូវរៀនរស់ជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ជាពិសេសអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន។

លោកបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខាបក្ស និងអនុសខាបក្ស របស់គណបក្ស ដែលបានខិតខំប្រឹងប្រែងកន្លងមក ហើយក៏បានជំរុញដល់អង្គពិធីទាំងអស់ ឲ្យចូលរួមឲ្យសកម្មបន្ថែមទៀត ក្នុងការបំពេញតួនាទីរបស់ខ្លួន ព្រោះទាំងអស់គ្នា ជាផ្នែកមួយដ៏សំខាន់ សម្រាប់គណបក្សប្រជាជនកម្ពុជា៕

To Top