ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២នេះ បានប្រសាលដីការតម្កល់ទោស ពិរុទជនម្នាក់ ជាប់ ពន្ធនាគារ កំណត់៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ រួមភេទ កុមារីម្នាក់ អាយុ ១៤ ឆ្នាំ ដែលត្រូវជា សង្សា ប្រព្រឹត្ត កាលពីឆ្នាំ ២០១៩ នៅភូមិដោះក្រមុំ សង្តាត់សុខុដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងអោយដឹងថា ទណ្ឌិត រូបនេះ មានឈ្មោះ ធឿន ម៉េងធ័ង ភេទប្រុស អាយុ ២៦ ឆ្នាំ ។
ចំណែកឯ ជនរងគ្រោះមានអាយុ ១៤ ឆ្នាំ មានទីលំនៅ ភូមិដោះក្រមុំ សង្តាត់សុខុដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។
នៅក្នុងសំណុំរឿងនេះ ទណ្ឌិត ម៉េងធ័ង ត្រូវបានសាលាដំបូងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន១២ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ។
គាត់ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ : រួមភេទជាអនីតិជនក្រោមអាយុ១៥ឆ្នំា តាមមាត្រា ៤២ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្សនិងអំពើអាជីវកម្មផ្លូវភេទ ។
គាត់ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៩ នៅភូមិដោះក្រមុំ សង្តាត់សុខុដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី តាមបណ្តឹងរបស់ ម្តាយរបស់កុមារី៕ ដោយ: លីហ្សា