ព័ត៌មានជាតិ

ប្រទះឃើញ វត្ថុបុរាណជាច្រើន ក្នុងវត្តចំណាស់មួយ នៅស្រុកមោងឫស្សី

ភ្នំពេញ​៖ វត្ថុបុរាណជាច្រើនប្រភេទ​ ត្រូវបានគេប្រទះឃើញ នៅក្នុងព្រះវិហារ នៃវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី ដែលបានកសាងឡើងនៅអំឡុងឆ្នាំ១៧១០ ដែលមានទីតាំង ស្ថិតនៅឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ក្រោយទទួលបានដំណឹងនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងក្រុមការងារជំនាញមកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរធម្មការនិងសាសនា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យ ដល់ទីតាំង ស្ថិតក្នុងវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី ក្នុងអំឡុងពេលដែលវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី បានធ្វើការរុះរើព្រះវិហារ ដែលមានសភាពចាស់ទ្រុឌទ្រោម និងដើម្បីសាងសង់ព្រះវិហារថ្មី ក៏ប្រទះឃើញវត្ថុបុរាណជាច្រើន នៅតាមរណ្ដៅសីមាចាស់ តែម្ដង ។

បើតាមការបញ្ជាក់ ជាបឋម ពីលោកអនុប្រធានការិយាល័យ បេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យថា សម្រាប់វត្ថុបុរាណដែលត្រូវបានប្រទះឃើញ នៅពេលនេះរួមមាន
-បំណែកកុលាភាជន៍ ចំនួន២០បំណែក (ធ្វើពីដីដុត)
-បំណែកជើងពាន ចំនួន១៥បំណែក (ស្ពាន់១២ សំរិន្ធ៣)
-កាក់សៀម ចំនួន១៣កាក់ (ស្ពាន់)
-កាក់ឥណ្ឌូចិន ចំនួន៣៣កាក់(ប្រាក់)
-ដន្លាប់តូច ចំនួន១(ប្រាក់)
-ក្រវិលមួយចំហៀង (ស្ពាន់)
-ចិញ្ចៀន ចំនួន១វង់(ស្ពាន់)
-ប្រាក់ឌួង ១ចំហៀង (ប្រាក់)
-កណ្ដឹង ចំនួន២ (ស្ពាន់លាយ)
-បំណែកដែក (ប្រហែលដងដាវ) ចំនួន១ដុំ(ដែក)
-កាក់ប្រាក់រូបមាន់ ចំនួន ៣,៥៩០កាក់ (ប្រាក់)
-ហិបប្រាក់ ចំនួន១
-សន្លឹកប្រាក់ ចំនួន១បន្ទះ ។

គួរបញ្ជាក់ផងដែរថា វត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មីនេះ ត្រូវបានកសាងឡើងនៅអំឡុងឆ្នាំ១៧១០ ដោយឡែកព្រះវិហារចាស់ កសាងដំបូងគេ នៅអំឡុងសតវត្សទី១៨ និងបញ្ចុះខណ្ឌសីមានៅឆ្នាំ១៩០៦ ហើយព្រះវិហារចាស់នេះ ក៏ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង នៅអំឡុងពេល របបប្រល័យពូជសាសន៍ប៉ុល ពត ។ ក្រោយមក ដោយសារបន្សល់ទុកនូវគំនរចាស់ៗ លោកតា លោកយាយ ពុទ្ធបរិស័ទ ដែលរស់នៅតំបន់នោះ ក៏បានឯកភាពគ្នាសាងសង់ ព្រះវិហារថ្មីជាលើកទី២ ឡើងវិញ នៅឆ្នាំ១៩៩០ បញ្ចុះខណ្ឌសីមានៅឆ្នាំ ២០០៦ ប៉ុន្តែដោយសារព្រះវិហារចាស់ ដែលសាងសង់នៅឆ្នាំ១៩៩០នេះ សាងសង់ឡើង មិនត្រូវស្ដង់ដារបច្ចេកទេស បច្ចុប្បន្នបានធ្វើឱ្យ ព្រះវិហារបាក់ស្រុត មួយអន្លើៗ និងមានសភាពចាស់ទ្រុឌទ្រោមផងនោះ ដូចនេះគណៈកម្មការវត្ត អាចារ្យ ព្រះសង្ឃ និងពុទ្ធបរិស័ទវត្ត ក៏បានប្រជុំសម្រេច រុះរើព្រះវិហារចាស់ ដែលសាងសង់ នៅឆ្នាំ១៩៩០នេះ ដើម្បីសាងសង់ព្រះវិហារថ្មី ឲ្យស្របតាមបច្ចេកទេស ត្រឹមត្រូវ ៕

To Top