ព័ត៌មានជាតិ

កម្ពុជា ជឿជាក់ថា ឥណ្ឌា អាចដើរតួនាទីសមស្រប ក្នុងការចរចារវាង អ៊ុយក្រែននិងរុស្ស៊ី (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវជំនឿជឿជាក់ថា ប្រទេសឥណ្ឌា នឹងអាចដើរតួនាទីសមស្រប ក្នុងការចរចារវាងអ៊ុយក្រែននិងរុស្ស៊ី។

ការបង្ហាញជំនឿពីសំណាក់នាយករដ្ឋមន្រ្តីកម្ពុជា បែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា តាមប្រព័ន្ធវីដេអូ កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងជំនួបនោះ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានគូសបញ្ជាក់ដែរថា លោកបានព្យាយាមចូលរួមចំណែក ក្នុងការសន្ទនារកដំណោះស្រាយរ វាងអ៊ុយក្រែន និងរុស្ស៊ី ។

លោកបានគូសបញ្ជាក់ថា លោកបានជួបសន្ទនា ជាមួយប្រធានាធិបតីទាំងពីរ រុស្ស៊ីនិងអ៊ុយក្រែន កន្លងមកនេះ ដើម្បីធ្វើយ៉ាងម៉េច ឲ្យស្ដារស្ថានភាពនេះ មករកសន្តិភាពវិញ។ នៅក្នុងសមុទ្រចិនខាងត្បូង លោកចាត់ទុកថា សមុទ្រចិនខាងត្បូង គឺជាសមុទ្រដែលមាន សារៈសំខាន់ណាស់ ជាពិសេស ធ្វើយ៉ាងណាឱ្យមានសេរី បើកចំហ និងផ្អែកទៅលើច្បាប់អន្តរជាតិ។ លោកក៏បានគូសបញ្ជាក់ដែរថា លោក រំពឹងទុកថា នឹងមកទស្សនកិច្ច និងចូលរួមកិច្ចប្រជុំ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដល់លោកនាយករដ្ឋមន្ត្រីឥណ្ឌា និងស្វាគមន៍នូវចំណុចទាំងឡាយ ដែលលោកបានលើក។

សម្ដេចមានការជឿជាក់ថា ឥណ្ឌាអាចដើរតួនាទីសមស្រប ក្នុងការចរចារវាងភាគីទាំងពីរ អ៊ុយក្រែននិងរុស្ស៊ី។

សម្ដេចក៏បានគូសបញ្ជាក់ដែរថា សម្ដេចចង់ឃើញដំណោះស្រាយ រវាង រុស្ស៊ី-អ៊ុយក្រែន ឲ្យបានឆាប់ផងដែរ ដោយសារវាមានផលប៉ះពាល់ ដល់សកលលោក ជាពិសេស លើវិស័យសន្តិសុខស្បៀង និងថាមពល ដែលប៉ះពាល់ដល់ប្រទេសទាំងអស់ ៕

To Top