ព័ត៌មានជាតិ

ឥណ្ឌា នឹងផ្ដល់ថវិកា ១ពាន់លានដុល្លារ ដល់កម្ពុជា ប្រើប្រាស់ សម្រាប់កិច្ចសហប្រតិបត្តិការ មេគង្គ-គង្គា

ភ្នំពេញ៖ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា បានប្រកាសផ្ដល់ថវិកា ១ពាន់លានដុល្លារដល់កម្ពុជា ក្នុងការប្រើប្រាស់ សម្រាប់កិច្ចសហប្រតិបត្តិការ មេគង្គ-គង្គា។

ថ្លែងនៅក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមប្រព័ន្ធវីដេអូ កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោក ណារិនដ្រា ម៉ូឌី ក៏បានគូសបញ្ជាក់ផងដែរថា នៅពេលនេះ ឥណ្ឌា បានជួយផ្ដល់វ៉ាក់សាំង ទៅដល់ប្រមាណ ១០០ប្រទេស ហើយក៏បានចូលរួម បណ្ដុះបណ្ដាលមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជា ប្រមាណជាង ២ពាន់នាក់ ជាពិសេសនៅក្នុងការបណ្ដុះបណ្ដាល គ្រប់វិស័យខុសៗគ្នា ហើយថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌា នឹងផ្ដល់អាហារូបករណ៍ ចំនួន១០០០ កន្លែងទៀត សម្រាប់វិស័យ IT ក្នុងការបណ្ដុះបណ្ដាល ប្រជាពលរដ្ឋមកពីប្រទេសអាស៊ាន ។

លោកក៏បានគូសបញ្ជាក់ពាក់ព័ន្ធ នឹងគម្រោងផ្លូវហាយវេត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលបន្តខ្សែភ្ជាប់មកប្រទេសកម្ពុជា ។ នៅក្នុងគម្រោងនេះ ពិតជាសមស្របជាមួយ នឹងផែនការមេ ក្នុងការតភ្ជាប់មកអាស៊ាន។

លោកបានបញ្ជាក់ថា «ឥណ្ឌា និងផ្ដល់នូវឥណទានចំនួន ១ពាន់លានដុល្លារ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា»។

សម្ដេចតេជោ ក៏បានអរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយដែលប្រទេសឥណ្ឌា បានផ្ដល់ឱ្យកម្ពុជា តាមរយៈគម្រោងទទួលផលឆាប់រហ័ស ក្រោមគំនិតផ្ដួចផ្ដើម នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើវិស័យកសិកម្ម បរិស្ថាន សុខាភិបាល ការអប់រំ ការអភិវឌ្ឍន៍ជនបទ ការលើកកម្ពស់សិទ្ធិស្ត្រី និងវប្បធម៌ ដូច្នេះសម្ដេចតេជោ ស្នើសុំឱ្យឥណ្ឌាបន្តការគាំទ្រសំណើ គម្រោងឆាប់ទទួលបានផលរបស់កម្ពុជា បន្ថែមទៀតដល់បណ្ដាឆ្នាំខាងមុខ ៕

To Top