ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ អំពាវនាវ៦ចំណុច ដល់ក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមស្តារវិស័យទេសចរណ៍ ឡើងវិញ (Video)

ភ្នំពេញ៖ ផ្អែកតាមសភាពការណ៍ វិស័យទេសចរណ៍បច្ចុប្បន្ន និងចក្ខុវិស័យទេសចរណ៍នាថ្ងៃអនាគត ពិសេសឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានអំពាវនាវ ៦ចំណុច ដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ប្រតិបត្តិករទេសចរណ៍ ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ។

ចំណុចសំខាន់ៗទាំង ៦ចំណុច ដែលក្រសួងទេសចេរណ៍ អំពាវនាវដោយផ្អែកតាមសភាពការណ៍ វិស័យទេសចរណ៍បច្ចុប្បន្ន និងចក្ខុវិស័យទេសចរណ៍នាថ្ងៃអនាគត ពិសេសឆ្នាំ២០២២ គឺ “ជាឆ្នាំនៃការស្តារឡើងវិញ​ នៃវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩» មានដូចខាងក្រោម៖

១.ចូលរួមគ្នាបង្កើនការផ្សព្វផ្សាយតាមគ្រប់រូបភាព និងមធ្យោបាយទាំងក្នុង និងក្រៅប្រទេសអំពី “កម្ពុជា ជាគោលដៅទេសចរណ៍ ដែលមានសុវត្ថិភាព និងបៃតង” ។

២.បន្តពង្រឹងសណ្តាប់ធ្នាប់ និងបដិសណ្ឋារកិច្ចល្អ នៅតាមច្រកទ្វារអន្តរជាតិរបស់កម្ពុជា។

៣. ត្រៀមលក្ខណៈសម្បត្តិក្នុងការងើបឡើងវិញ នៃវិស័យទេសចរណ៍ តាមរយៈការរៀបចំគោលដៅ ទេសចរណ៍ឲ្យមានសុវត្ថិភាព សម្បទាទេសចរណ៍ឲ្យបានរួចរាល់ និងការផ្តល់សេវាកម្មឲ្យមានស្តង់ដា ប្រកបដោយស្នាមញញឹម និងតាមគង្ហីងប្រក្រតីភាពថ្មី។

៤.ចូលរួមជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឲ្យកាន់ផុសផុល តាមរយៈការរៀបចំរមណីយដ្ឋានទេសចរណ៍ សម្បទាទេសចរណ៍ និងសេវាកម្ម ទេសចរណ៍ឲ្យបានល្អទាំងគុណភាព និងថ្លៃសមរម្យ ជៀសវាង រើសអើងរវាងទេសចរជាតិ និងអន្តរជាតិ) ពិសេសត្រូវមានការទទួលខុសត្រូវ ពីសុវត្ថិភាព និងអនាម័យ ក្នុងពេលធ្វើដំណើរកម្សាន្ត។

៥.ចូលរួមសកម្មភាពចលនា ប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ច ល្អ ដើម្បីពង្រឹងគុណភាពសេវាកម្ម ឲ្យកាន់តែប្រសើរ និងមានអនាម័យស័ក្កសម ជាគោលដៅទេសចរណ៍ ដែលមានសុវត្ថិភាព និងបៃតង ស្របតាមគន្លងប្រក្រតីភាពថ្មី។

៦.បុគ្គលិកបម្រើការ ក្នុងឧស្សាហកម្មទេសចរណ៍ ត្រូវចូលរួមកម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍន៍ ជំនាញ និងបង្កើនសមត្ថភាព រៀបចំដោយក្រសួងទេសចរណ៍ ឬមន្ទីរទេសចរណ៍ដោយឥតគិតថ្លៃ ៕

To Top