ព័ត៌មានជាតិ

ជំនុំជម្រះអតីត ថៅកែស្ថានីយប្រេងPTT ឈ្មោះ សារុន វិធុរ៉ាក់ ពាក់ព័ន្ធនឹងការចេញសែកស្អុយជាង ១០ម៉ឺនដុល្លារ អាមេរិក

ភ្នំពេញ: លោកពេជ្រ វិជ្ជាធម៌ ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះ ជនជាប់ចោទ ឈ្មោះ សារុន វិធុរ៉ាក់ ដែលជាអតីតថៅកែ ស្ថានីយប្រេង ឥន្ទនៈ PTT ជាប់ពាក់ព័ន្ធនឹង ការចេញ សែកស្អុយ ដែលមានតម្លៃ ជាង១០ ម៉ឺនដុល្លារ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០២១ ។

លោកចៅក្រម វិជ្ជាធម៌ បានថ្លែងឱ្យដឹងនៅក្នុងសវនាការថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជជនជាប់ចោទ ឈ្មោះ សារុន វិធុរ៉ាក់ ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ អតីតជាថៅកែស្ថានីយ ប្រេង PTT មាន ទីតាំង ស្ថិត នៅ រង្វង់មូលគួរ ស្រូវ ក្នុង ខណ្ឌដង្កោ រាជធានី ភ្នំពេញ ត្រូវជាប់ចោទប្រកាន់ ពីបទ: មិនបំពេញ កាតព្វកិច្ច ចំពោះឧបករណ៍ អាច ជួញដូរ បាន តាមបញ្ញត្តិ មាត្រា ២៣១ នៃ ច្បាប់ ស្តីពីឧបករណ៍អាចជួញដូរបាន និង ប្រតិបត្តិការទូរទាត់ប្រាក់ ។

ជនជាប់ចោទ អាចប្រឈមនឹងការជាប់ពន្ធនាគារ ចន្លោះពី ១ ទៅ ២ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពី ពិរុទ្ធភាព។

ជនជាប់ចោទ ឈ្មោះ សារុន វិធុរ៉ាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃ ទី ១៧ ខែធ្នូ ឆ្នាំ ២០២១ តាម ពាក្យបណ្តឹង របស់ជនរងគ្រោះ (ម្ចាស់លុយ) ជាប់ពាក់ព័ន្ធនឹងការ ចេញសែកស្អុយ មានតម្លៃ ជាង ១០ម៉ឺន ដុល្លារអាមេរិក ។

សាលាដំបូង រាជធានីភ្នំពេញនឹង ប្រកាសសាលក្រម លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទ ១ ខែ មិថុនា ឆ្នាំ ២០២២៕ដោយ: លីហ្សា

To Top