ព័ត៌មានជាតិ

គណបក្សឯកភាពជាតិខ្មែរអះអាងថា ខ្លួននឹងធ្វើយុទ្ធការឃោសនាបោះឆ្នោត គោរពតាមនីតិវីធីគ.ជ.ប

ភ្នំពេញ៖ គណបក្សឯកភាពជាតិខ្មែរដែលជាគណបក្សនយោបាយមួយទើបតែបង្កើតថ្មីថា ខ្លួននឹងធ្វើយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតគោរពតាមនីតិវីធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ដែលបានដាក់ចេញ។

លោក អ៊ុន ជិម ប្រធានគណបក្សឯកភាពជាតិខ្មែរបាន ឲ្យដឹងនៅថ្ងៃទី១៩ ឧសភាថា គណបក្សរបស់លោកនឹងធ្វើយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតថ្ងៃដំបូង នៅតាមរាជធានី-ខេត្តចំនួនបី មានខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោយគោរតាមបទបញ្ញត្តិរបស់គ.ជ.ប។

លោកថា “អីចឹងការធ្វើយុទ្ធនាការឃោសនាធំមុនគេគឺនៅខេត្តព្រះសីហនុក្នុងស្រុកព្រៃនប់ដោយមានសមាជិកចាប់ពី២០០ទៅ៣០០នាក់ តាមគ្រោងទុក។ដូច្នេះយើងនឹងដង្ហែរនៅទីនោះ យើងបានដាក់ពាក្យសុំរួចហើយ តែយើងមិនទាន់ឃើញគ.ជ.បគាត់ឆ្លើយតប នៅឡើងនោះទេ”។

ទាក់ទិននឹងការអំពាវនាវរបស់គ.ជ.បឲ្យគ្រប់បក្ស នយោបាយគោរពតាមគោលនយោបាយ ក្រមសីលធម៌ និងបញ្ញត្តិច្បាប់នោះ លោកប្រធានបក្សក៏បានលើកឡើងថា នឹងគោរពតាមគោលនយោបាយរបស់ខ្លួន ក្រមសីលធម៌ និងលើកទឹកចិត្តដល់វិស័យការតស៊ូមតិជាដើម។

លោកថា ការបោះឆ្នោតឃុំ-សង្កាត់មានភាពល្អប្រសើរប៉ុន្តែមានការខ្វះចន្លោះតិចតួចដែរក្នុងនោះក៏មានចំណុច មួយគឺអាជ្ញាធរមូលដ្ឋានបានធ្វើការរឹតបណ្តឹងដល់គណបក្សនយោបាយ។

ជាមួយគ្នានោះដែរ លោកថាក្នុងនាមជាគណ បក្សនយោបាយថ្មីមួយដែលទើបបង្កើតឡើងលោកចង់ឃើញគណបក្សនយោបាយទាំងអស់ធ្វើការប្រកួតប្រជែងគ្នាដោយក្រមសីលធម៌នយោបាយ និងគោរពគ្នាទៅវិញទៅមក ដោយកុំថាគណបក្សនយោបាយមានវ័យចាស់វស្សាមកបណ្តុះបង្អាប់គណបក្សនយោបាយថ្មី។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានណែនាំពីការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យ បោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនា ។
គ.ជ.ប បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រនៃគណបក្សនយោបាយទាំងអស់ ត្រូវអនុវត្តតាមវិធានការនានារបស់ គ.ជ.ប ដើម្បីឲ្យការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា សន្តិសុខ និង សុវត្ថិភាព។

ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕

To Top