ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់សារជាថ្មីថា ការដក EBA ពីសហភាពអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្រោយពីសហភាពអឺរ៉ុប បានសម្រេចកាត់ផ្ដាច់ជាបណ្ដោះអាសន្ននូវផ្នែកខ្លះនៃភាពអនុគ្រោះពន្ធ EBA ពីកម្ពុជា។
ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជាង ២១០០នាក់ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា វិស័យកាត់ដេរកំពុងមានសកម្មភាពល្អប្រសើរ ខណៈការបញ្ជាទិញមានការកើនឡើង ក្នុងនោះ រោងចក្រប្រមាណ ៥០០ កំពុងបង្កើនម៉ោងក្នុងការផលិត។
សម្ដេចតេជោ បញ្ជាក់ថា «ការដក EBA ពីអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ។ របាយការណ៍ បានបង្ហាញថា ឆ្នាំកន្លងទៅកម្ពុជា ទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប សម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជា នាំចេញទៅអឺរ៉ុប មានទឹកប្រាក់ជាង៣ពាន់លានដុល្លារ»។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា កំណើនសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ត្រូវបានរងដោយវិបត្តិនៃជំងឺកូវីដ១៩ ដែលបានទាញទម្លាក់រហូតដល់ដក ២.៤ភាគរយ។
សម្តេច ថា បើគ្មានជំងឺកូវីដ-១៩ ទេនោះ ប្រាក់សន្សំរបស់ជាតិ អាចឡើងដល់៥ពាន់លានដុល្លារអាមេរិកឯណោះ។
សម្ដេចតេជោ បន្ដថា វិបត្តិកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់វិស័យសេវាកម្ម ពោលគឺវិស័យទេសចរណ៍ គឺរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។
សម្តេច រំលឹកថា វិបត្តិកូវីដ១៩ ធ្វើឲ្យរាជរដ្ឋាភិបាល បញ្ចេញថវិកាប្រមាណ ៤០លានដុល្លារក្នុងមួយខែ ដើម្បីជួយពលរដ្ឋដែលរងនូវផលប៉ះពាល់៕