ភ្នំពេញ៖ និយាយក្នុងគោលដៅពីរសំខាន់ៗ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការធ្វើអត្តសញ្ញាណបណ្ណ ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស គឺជារឿងចាំបាច់ ។ ក្នុងន័យនេះ សម្ដេចចង់សំដៅលើការបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស ដែលមានបំណងទិញលក់ អចលនទ្រព្យនៅក្នុងស្រុក ដោយមិនចាំបាច់ពឹងពាក់អ្នកដទៃ និងងាយស្រួលចូលរួមការបោះឆ្នោត ឬឈរឈ្មោះធ្វើនយោបាយ ក្នុងស្រុកនាពេលខាងមុខ។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួងចំនួនពីរ រួមមានក្រសួងការបរទេស និងក្រសួងមហាផ្ទៃ ត្រូវសហការជាមួយស្ថាប័ន ពាក់ព័ន្ធទាំងអស់ សម្របសម្រួលធ្វើយ៉ាងណាបង្កភាពងាយស្រួល សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេស ដែលមានបំណងចង់ធ្វើអត្តសញ្ញាណបណ្ណ នៅកម្ពុជា ។
ថ្លែងចេញពីទឹកដីនៃទ្វីបអឺរ៉ុប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រឿងការធ្វើអត្តសញ្ញាបណ្ណ ឱ្យបងប្អូនយើង ដែលរស់នៅក្រៅប្រទេស គឺជារឿងចាំបាច់។
សម្ដេចបញ្ជាក់ថា «ព្រោះបងប្អូនខ្លះដោយសារអត់មានអត្តសញ្ញាណបណ្ណ ពេលទៅទិញដីឬអចលនទ្រព្យក្នុងស្រុក អត់ធ្វើកម្មសិទ្ធិបាន ដែលតម្រូវឱ្យពឹងពាក់បងប្អូនឬអ្នកដទៃ។ បើប៉ះចំអ្នកត្រង់ វាមិនអីនោះទេ ប៉ុន្តែបើប៉ះអ្នកមិនត្រង់នឹងយកដីឯងនឹងទៅលក់ទៀត»។
សម្ដេចថា គ្មានការចាំបាច់ណាមួយដែលត្រូវ ស្នើសុំព្រះរាជក្រឹត្រ សុំចូលសញ្ជាតិនោះទេ ព្រោះជាខ្មែរស្រាប់ទៅហើយ។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានបញ្ជាក់អំពី ការបោកប្រាស់របស់មនុស្សមួយចំនួន ដែលលើកឡើងថា ប្រសិនគេឈ្នះការបោះឆ្នោត គេនឹងនឹងផ្ដល់លទ្ធភាព ឱ្យបងប្អូននៅក្រៅប្រទេសទាំងអស់មានសិទ្ធិបោះឆ្នោត ពីខាងក្រៅ។
សម្ដេចចោទជាសំនួរថា តើធ្វើកើតឬទេ? ដោយសម្ដេចលើកជាឧទាហរណ៍ នៅអាមេរិក រឿងដែលទាស់គ្នា រវាងលោក ចូ បៃដិន និងលោកត្រាំ! ត្រាំចាញ់មិនអស់ចិត្តអារឿងបោះតាម ប្រៃសណីយ៍។
សម្ដេចបញ្ជាក់ថា «ក្នុងប្រទេសអាមេរិកខ្លួនឯង កុំថាឡើយបញ្ជួនមកពីក្រៅប្រទេស គ្រាន់តែក្នុងប្រទេសខ្លួនឯង គឺបង្កើតទៅជាជម្លោះរហូតដល់មានហិង្សា ក្នុងសភាអាមេរិកកាំង ដែលជាលើកដំបូងក្នុងប្រវត្តិសាស្រ្តអាមេរិក»។
ជាមួយគ្នានេះសម្ដេចក៏បាលលើកឡើងជាឧទាហរណ៍ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជា ដែលចាប់ផ្ដើមការបោះឆ្នោតនៅម៉ោង៧ព្រឹក បិទម៉ោង៣រសៀល ហើយរាប់នៅនឹងកន្លែងប៉ុណ្ណោះហើយ នៅតែគេស្រែកថាមានការបន្លំ ចុះទម្រាំដឹកមកតាមយន្ដហោះទៀត មិនដឹងប៉ុន្មានថ្ងៃទើបទៅដល់ វាមិនកើតរឿង។
សម្ដេចបញ្ជាក់បន្ថែមថា យើងមិនទាន់ចោលនូវសិទ្ធិបោះឆ្នោត របស់បងប្អូននោះទេ ប៉ុន្តែសូមបងប្អូនទៅចុះឈ្មោះ បោះឆ្នោតនៅក្នុងប្រទេស នៅកន្លែងណាមួយព្រោះប្រទេសរបស់យើង បោះតាមសមាមាត្រ ។
ក្នុងន័យសម្ដេចបានលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋនៅក្រៅប្រទេស ដែលមានឱកាសទៅស្រុក ឆ្លៀតធ្វើអត្តសញ្ញាណបណ្ណ ព្រមទាំងទៅចុះឈ្មោះបោះឆ្នោត ដើម្បីងាយស្រួលក្នុងការបោះឆ្នោត ឬឈរឈ្មោះធ្វើជាមេឃុំ ចៅសង្កាត់ និងតំណាងរាស្រ្តសម្រាប់បក្សនយោបាយណាមួយ៕