ព័ត៌មានជាតិ

ផ្លូវយន្តហោះ រត់នៅក្នុងអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ត្រូវបានតភ្ជាប់ទាំងស្រុង

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា នាថ្ងៃទី២២ខែឧសភា ផ្លូវយន្តហោះរត់នៅក្នុងអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ដែលវិនិយោគ សាងសង់ដោយភាគីចិន ត្រូវបានតភ្ជាប់ទាំងស្រុង។

យោងតាមព័ត៌មាន របស់សារព័ត៌មានChina News Serviceបានឱ្យដឹងថា ផ្លូវរត់ក្នុងតំបន់ហោះហើរមានប្រវែង៣៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ។

ក្នុងអំឡុងពេលនៃការសាងសង់ វិស្វករបានជម្នះលើផលប៉ះពាល់ មិនអំណោយផលដូចជា ជំងឺកូវីដ សីតុណ្ហភាពខ្ពស់ ភ្លៀងធ្លាក់ កង្វះខាតរូបធាតុ និងរយៈពេលយូរ ក្នុងការដឹកជញ្ជូន តាមផ្លូវសមុទ្រជាដើម បាននាំយកឧបករណ៍បរិក្ខាជំនាញ បានជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការដ្ឋាន គួរឱ្យកត់សម្គាល់ និងព្រមទាំងសម្រេចបានការងារ មុនពេលកំណត់។

គម្រោងខាងលើនេះមានចម្ងាយ ប្រហែល៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និងមានចម្ងាយ៥១គីឡូម៉ែត្រពីក្រុងសៀមរាប អាកាសយានដ្ឋានខាងលើនេះ គ្របដណ្តប់លើផ្ទៃដី ចំនួន៧០០ហិកតា ជាមួយនឹងដីអភិវឌ្ឍអាជីវកម្ម ដែលនៅជុំវិញមានផ្ទៃដីចំនួន១០០០ហិកតា និង ផ្លូវថ្នល់ប្រើប្រាស់ ជាពិសេស នៅក្នុងអាកាសយានដ្ឋាន ដែលមានប្រវែង២៤.៥គីឡូម៉ែត្រផ្សេងទៀត ត្រូវបានចាត់ទុកជាផ្នែកមួយ នៃ គម្រោងអាកាសយានដ្ឋាន ដែលអាចដំណើរ ការដោយឯករាជ្យ គ្រោង នឹង ដាក់ ឱ្យ ដំណើរការ នៅ ខែ តុលាឆ្នាំ ២០២៣ ។
គម្រោងខាងលើនេះ ត្រូវបានវិនិយោគនិងសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលបានចុះបញ្ជីរួមគ្នាក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុនចិនចំនួន៣គឺក្រុមហ៊ុនYunnan Investment Group, ក្រុមហ៊ុនYunnan Construction and Investment Group និង ក្រុមហ៊ុនYunnan Airport Group ។ នេះបានជួយកែលម្អកម្រិត ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ បង្កើតឱកាសការងារកាន់តែច្រើន និងជំរុញការអភិវឌ្ឍន៍ វិស័យទេសចរណ៍ និងជួយការការពារប្រាសាទ អង្គរវត្តឱ្យកាន់តែល្អប្រសើរ៕

To Top