ព័ត៌មានជាតិ

ក្រសួងការងារ មិនតម្រូវឱ្យកម្មករ បង្ហាញឯកសារ ដល់ថៅកែរោងចក្រ ក្រោយត្រឡប់មកពីបោះឆ្នោត

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រាល់ការឈប់សម្រាក របស់កម្មករនិយោជិត ក្នុងឱកាសបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ពេលត្រឡប់មកវិញ មិនតម្រូវឲ្យបង្ហាញឯកសារពាក់ព័ន្ធផ្សេងៗ ដល់ថៅកែរោងចក្រ ឬសហគ្រាសឡើយ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិត ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវអនុវត្តឲ្យកម្មករ និយោជិតបានឈប់សម្រាក ១ថ្ងៃមុនថ្ងៃបោះឆ្នោត និង ១ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នូល និងអត្ថប្រយោជន៍ផ្សេងៗ។

ក្រសួង បញ្ជាក់ថា «រាល់ការឈប់សម្រាកដូចមានកំណត់ខាងលើ កម្មករនិយោជិតពុំតម្រូវឲ្យបង្ហាញឯកសារពាក់ព័ន្ធផ្សេងៗ នៅពេលត្រឡប់មកវិញឡើយ»។

ក្រសួង បន្ដថា ចំពោះកម្មករនិយោជិត ដែលអវត្តមានហួសពីច្បាប់ អនុញ្ញាតដូចមានកំណត់ខាងលើ ត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុង របស់រោងចក្រ សហគ្រាស និងបទប្បញ្ញត្តិជាធរមាន។ ដោយឡែក និយោជកត្រូវខិតខំបើកប្រាក់ឈ្នួល ជូនកម្មករនិយោជិត ឲ្យបានមុនថ្ងៃទៅបោះឆ្នោត។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឲ្យកម្មករនិយោជិត ខ្ចីប្រាក់ឈ្នួលមួយភាគ (បុរេប្រទាន) ជាមុ នសិន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយល់ព្រម ឲ្យកម្មករនិយោជិត ឈប់សម្រាក១ ថ្ងៃមុនថ្ងៃបោះឆ្នោត និង១ ថ្ងៃក្រោយថ្ងៃបោះឆ្នោត ដើម្បីទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ៕

To Top