ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ឱ្យផ្អាកលក់ និងពិសាគ្រឿងស្រវឹង មួយថ្ងៃមុន បោះឆ្នោត និងថ្ងៃបោះឆ្នោត

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានណែនាំឲ្យផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង មួយថ្ងៃមុនបោះឆ្នោត និងថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា «ដើម្បីឲ្យដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើង ដោយសារតែការពិសាគ្រឿង ស្រវឹងនោះ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន នៅទូទាំងរាជធានីខេត្ត ត្រូវផ្អាកសកម្មភាព អាជីវកម្មរយៈពេល២ថ្ងៃ»។

ក្រសួង បន្ដថា ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ដែលផ្តល់សេវាកម្មម្ហូបអាហារ ត្រូវផ្អាក សកម្មភាពការលក់ដូរ និងពិសាគ្រឿងស្រវឹងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០២២ ។ ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ឬអ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ខាងលើ ឲ្យអនុវត្តការផ្អាកអាជីវកម្ម តាមសារាចរណែនាំនេះឲ្យមានប្រសិទ្ឋភាព និងមានការទទួលខុសត្រូវខ្ពស់ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top