ព័ត៌មានជាតិ

ស្ថាបនិកវេទិកា សេដ្ឋកិច្ចពិភពលោក រំពឹងអាចចុះកិច្ចព្រមព្រៀង ជាមួយកម្ពុជា នាពេលខាងមុខ

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវក្តីរំពឹងទុកថា នឹងអាចធ្វើការ ព្រមទាំងចុះកិច្ចព្រមព្រៀងមួយ រវាងកម្ពុជានិងវេទិកាសេដ្ឋកិច្ចពិភពលោក នាពេលខាងមុខនេះ ជាពិសេស នៅពេលដែលលោកសាស្ត្រាចារ្យ អញ្ជើញមកកាន់ ព្រះរាជាណាចក្រកម្ពុជា។

ការបង្ហាញក្ដីរំពឹង ពីសំណាក់លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក បែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២។

នៅក្នុងជំនួបនេះលោកសាស្ត្រាចារ្យ Klaus Schwab បានស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញ មកកាន់ទីក្រុងដាវ៉ូស ប្រទេសស្វីស នៅពេលនេះ។ លោកក៏បានអរគុណសម្ដេចតេជោ ដែលបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២នេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍អរគុណ ចំពោះលោកសាស្ត្រាចារ្យ ដែលបានចំណាយពេលវេលា ក្នុងជំនួបនាពេលនេះ។

នៅក្នុងឱកាសនេះ សម្ដេចតេជោបានស្នើ អញ្ជើញលោកសាស្ត្រាចារ្យ Klaus Schwab ដើម្បីអញ្ជើញចូលរួម ក្នុងកិច្ចសន្ទនា អាស៊ានពិភពលោកលើកទី២ ដែលគ្រោងធ្វើនៅកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ ២០២២ខាងមុខនេះ។

សម្តេចតេជោ បានមានប្រសាសន៍ថាកាលពីឆ្នាំ២០១២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះ កម្ពុជាក៏បានរៀបចំវេទិកាសន្ទនា អាស៊ានពិភពលោកទី១ដែរ ដែលកាលនោះ មានការចូលរួមពីប្រធានស្ថាប័ន មួយចំនួនដូចជា IMF ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម។ ហើយលើកនេះកិច្ចសន្ទនាអាស៊ានពិភពលោក ដែលគ្រោងធ្វើនៅខែវិច្ឆិកាឆ្នាំ២០២២នោះ សម្ដេចតេជោសូមអញ្ជើញលោកសាស្ត្រាចារ្យ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំនោះ។

សម្ដេចតេជោបានមានប្រសាសន៍ថា ដោយសារវេទិកាសេដ្ឋកិច្ចពីពិភពលោក គឺមានចំនុចជាច្រើន ដែលធ្វើការងារប្រទាក់ក្រឡាគ្នា ដែលបម្រើនូវផលប្រយោជន៍ ដល់អាស៊ាន។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Klaus Schwab បានមានប្រសាសន៍ថា គាត់ពិតជាអរគុណសម្ដេចតេជោ ដែលបានអញ្ជើញលោក ពីព្រោះវេទិកាសេដ្ឋកិច្ចពិភពលោក ចាត់ទុកអាស៊ាន ពិតជាមានសារសំខាន់ណាស់ សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ហើយជាពិសេសលោក ក៏បានគូសបញ្ជាក់ទៀតថា សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺនឹងដើរតួនាទីយ៉ាងសំខាន់ ព្រោះសម្ដេចជាប្រធានអាស៊ាន នៅឆ្នាំនេះ។

លោកសាស្ត្រាចារ្យ បានបន្ថែមទៀតថា លោកក៏ត្រូវបានការអញ្ជើញ ពីក្រុមប្រទេសG20 ផងដែរ ដើម្បីចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ីផងដែរ ។

លោកបានបញ្ជាក់ថា «នេះគឺជាឱកាសដ៏ល្អ សម្រាប់លោកទៅទស្សនកិច្ច នៅប្រទេសកម្ពុជា ក្នុងការឃើញពីវឌ្ឍនភាព ភាពរីកចំរើន របស់ប្រទេសកម្ពុជា ផងដែរ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពេលដែលលោកសាស្ត្រាចារ្យ មកកាន់ប្រទេសកម្ពុជា នឹងបានឃើញពីការរីកចម្រើន របស់ប្រទេសកម្ពុជា ក្រោយពេលដែលប្រទេសកម្ពុជា ទទួលរងនូវការខ្ទេចខ្ទាំ ដោយសារសង្គ្រាម ដូច្នេះលោកសាស្ត្រាចារ្យ នឹងបានឃើញផ្ទាល់ ពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្រោយទទួលបាននូវសុខសន្តិភាពនោះ។

លោកសាស្ត្រាចារ្យ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក បានបន្ថែមទៀតថា លោកក៏ចង់ឃើញនូវការបង្កើត នូវមជ្ឈមណ្ឌលមួយដែលបង្កើតដោយវេទិកាសេដ្ឋកិច្ចពិភពលោក ដែលកន្លងមកបានធ្វើនៅ តាមបណ្ដាប្រទេសជាច្រើន ដូចជានៅអាមេរិក ចិន និងជប៉ុន ជាដើម ហើយលោកមានបំណងថា តាមរយៈមជ្ឈមណ្ឌលនេះ នឹងអាចទាញផលប្រយោជន៍ ពីបដិវត្តន៍ឧស្សាហកម្មទី៤ ដែលត្រូវប្រើប្រាស់ នូវបច្ចេកវិទ្យាជាច្រើន។

ម្យ៉ាងវិញទៀតតាមរយៈ ការបង្កើតមជ្ឈមណ្ឌលនេះ នឹងអាចជួយប្រើប្រាស់ នូវបច្ចេកវិទ្យាចុងក្រោយបំផុត ដូចដែលបានអនុវត្តតាម បណ្ដាប្រទេសផ្សេងទៀត ដូចជាការអនុវត្តប្រើប្រាស់ត្រូន ដឹកជញ្ជូនថ្នាំពេទ្យជាបន្ទាន់ ទៅទីតាំងដាច់ស្រយាល ត្រូនប្រើក្នុងវិស័យកសិកម្ម ជាដើម ។ ហើយក៏មានការងារមួយចំនួនទៀត ដែលប្រើប្រាស់បច្ចេកវិទ្យា ជាមួយនឹងប្រព័ន្ធធនាគារផងដែរ។

លោករំពឹងថា «យើងនឹង អាចធ្វើការជាមួយគ្នា ហើយនឹងអាចចុះកិច្ចព្រមព្រៀងមួយ រវាងកម្ពុជានិងវេទិកាសេដ្ឋកិច្ចពិភពលោក នាពេលខាងមុខនេះ ជាពិសេស នៅពេលដែលលោកសាស្ត្រាចារ្យ អញ្ជើញមកកាន់ ព្រះរាជាណាចក្រកម្ពុជាតែម្ដង»។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចនឹងចាត់ឲ្យមន្ត្រីទទួលបន្ទុក ធ្វើការងារនេះ ជាមួយនឹងខាងមន្ត្រី នៃវេទិកាសេដ្ឋកិច្ចពិភពលោក ៕

To Top