ព័ត៌មានជាតិ

ក្រសួងសុខាភិបាល នឹងរិះរកប្រភព ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងអុតស្វា ទុកជាមុន

ភ្នំពេញ៖ ស្របពេលពិភពលោក កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជំងឺអុតស្វា និងស្របពេល បណ្តាប្រទេសប្រមាណជា ១៩ប្រទេស ត្រូវបានរកឃើញជំងឺនេះជាបន្តបន្ទាប់នោះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា នឹងរិះរកប្រភព ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងអុតស្វា ទុកជាមុន ។

តាមរយៈសេចក្ដីណែនាំ នៅថ្ងៃទី២៥ ឧសភានេះ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានទទួលរបាយការណ៍អំពីការផ្ទុះ ឡើងជាបន្តបន្ទាប់នូវជំងឺអុតស្វា (Monkeypox) ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ លើបុគ្គលម្នាក់នៅចក្រភពអង់គ្លេស ដែលបានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា ដែលមានកន្លែងជំងឺនេះបានកើតមានបែបអង់ដេមី (Endemic area)។

ក្រសួងបន្តថា ករណីជំងឺអុតស្វានេះ ត្រូវបានរកឃើញជាបន្តបន្ទាប់ នៅបណ្តាប្រទេសប្រមាណជា ១៩ប្រទេស នៅលើសកលលោក ដែលមិនមែនជាប្រទេសអង់ដេមីនៃជំងឺនេះ ដោយគិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ករណីជំងឺអុតស្វា បានរាយការណ៍ជូនអង្គការសុខភាពពិភពលោក មានចំនួនសរុប ១៥៨នាក់ មានអ្នកសង្ស័យសរុបចំនួន១១៧នាក់ ដែលកំពុងធ្វើការអង្កេតបញ្ជាក់ និងមិនទាន់មានករណីស្លាប់នៅឡើយ។ គួរកត់សម្គាល់ថា នៅតំបន់ប៉ាស៊ីហ្វិកខាងលិច មានការរាយការណ៍ពីករណីជំងឺអុតស្វានេះ ចំនួន ២ករណី ហើយ។

ក្រសួងបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ពកម្ពុជា មិនទាន់មានករណីជំងឺអុតស្វា បែបនេះនៅឡើយទេ តែទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅកម្ពុជាទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍ត្រូវយកចិត្តទុកដាក់ អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃដែលអាចកើតមានឡើងជាយថាហេតុ ៕

To Top