ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានចាត់ទុកការសន្យារបស់គណបក្សនយោបាយ តាមរយៈការឃោសនា រកសំឡេងឆ្នោត មួយចំនួនគឺជាការធ្វើអត្តឃាត នយោបាយខ្លួនឯង និងជាការសន្យាហួសសមត្ថភាពដែលមិនអាចធ្វើបាន ហើយមិនបានទៅនៅផ្ទាល់ដល់មូលដ្ឋាន។

ការលើកឡើងរបស់លោក សយ សុភាព បែបនេះធ្វើឡើង បន្ទាប់ពីគណក្សនយោបាយមួយចំនួន នៅក្នុងយុទ្ធនាការឃោសនា រកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ បានផ្ដល់ការសន្យារៀងៗខ្លួន ថានឹងពង្រឹងវិស័យផ្សេងៗ ដូចជា សេដ្ឋកិច្ច សង្គម អប់រំ សុខាភិបាល និងសេវាសាធារណៈ ជាដើម។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «នេះជាសន្យាហួសសមត្ថភាពដែលមិនអាចធ្វើបាន ហើយមិនបានទៅនៅផ្ទាល់ដល់មូលដ្ឋាន។ សាលាថា និង សាលាអនុវត្តន៏ខុសគ្នា ហើយជួនកាលជួបនូវករណី ដែលមិនមានចែងនៅក្នុងគោលការណ៏។ នោះហើយជាបញ្ហាត្រូវដោះស្រាយ។
លោកបញ្ជាក់ថា «ការសន្យាបែបនេះ គឺជារឿងគ្រោះថ្ឋាក់បំផុត»។

លោកបន្ថែមថា ប្រសិនបើអ្នកធ្លាប់បានទៅស្វែងយល់ ផ្ទាល់ឱ្យយូរល្មមនៅមូលដ្ឋាន រួចមកសរសេរកម្ម វិធីអភិវឌ្ឍន៏ សម្រាប់មូលដ្ឋាននោះ មិនមានសន្យាបែបនេះឡើយ។
លោក សយ សុភាព បន្តថា សរសេរដើម្បីគ្រាន់តែ យកមកឃោសនាជារឿងងាយ តែអ្វីដែលពិបាកគឺខ្វះភាពប្រាកដនិយម នៅឯមូលដ្ឋាន។ បន្ថែមលើស ពីនេះត្រូវប្រមាណទៅនឹង ស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងផង។
លោកបន្ថែមថា «ការសន្យាបែបនេះគឺជាការធ្វើអត្តឃាត នយោបាយខ្លួនឯងទេ ព្រោះដំណើរនៅវែងឆ្លាយណាស់ និង ម្យ៉ាងយើងទើបងើបចេញ ឬប្រយុទ្ធយកជោគជ័យលើមេរោគមហាប្រល័យ កូវីដ-១៩។
លោកថា នេះមិនគិតពីឥទ្ធិពល នៃសង្រ្គាមឈ្លានពាន ឬសង្រ្គាមភូមិសាស្ត្រនយោបាយ រុស្ស៊ីមកលើអ៊ុយក្រែន ផង»។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ដោយមានគណបក្សនយោបាយចំនួន១៧បានចូលរួម៕
