ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា Phishing គឺជាការផ្ញើអ៊ីម៉ែលក្លែងក្លាយ ដើម្បីបោកបញ្ឆោតជនរងគ្រោះ ឲ្យចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងអ៊ីម៉ែល ដើម្បីលួចយកឈ្មោះសម្គាល់ និងលេខសម្ងាត់សម្រាប់ចូល ទៅក្នុងគណនីមួយចំនួន ឬដើម្បីអាចឲ្យក្រុមជនខិលខូចបញ្ចូល កម្មវិធីមេរោគទៅក្នុងកុំព្យូទ័រ ឬទូរសព្ទ ដើម្បីលួចទាញយកទិន្នន័យសំខាន់ៗ ដែលមាននៅក្នុងឧបករណ៍ទាំងនោះ។
ទោះបីជាការបោកបញ្ឆោតតាមរយៈ phishing ត្រូវបានជនខិលខូចប្រើជាច្រើន ទសវត្សរ៍មកហើយក្ដី ប៉ុន្តែការបោកបញ្ឆោតតាមរបៀបនេះ គឺនៅតែមានចំនួនច្រើន។ ដូចកាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវបានរកឃើញ មានជនខិលខូចបានផ្ញើអ៊ីម៉ែល បន្លំធ្វើជាអ៊ីម៉ែលមកពីក្រុមហ៊ុន McAfee ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ កម្មវិធីការពារមេរោគដ៏ល្បីមួយ។
នៅក្នុងអ៊ីមែលនោះជនខិលខូច បានធ្វើការបំភិតបំភ័យជនរងគ្រោះថា សុពលភាពក្នុងការប្រើប្រាស់របស់កម្មវិធី McAfee ត្រូវបានផុតកំណត់ហើយកុំព្យូទ័រ របស់ពួកគេត្រូវបានរកឃើញថាមានមេរោគ។
ដើម្បីបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ ឲ្យចុចនៅលើតំណភ្ជាប់ភ្លាមៗនោះ ពួកគេក៏បានប្រើវិធីសាស្រ្តបញ្ចុះតម្លៃ ដើម្បីបន្តប្រើកម្មវិធី ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់ ចុចនៅលើតំណភ្ជាប់នោះវានឹង បើកគេហទំព័រមួយដែលអាចឲ្យពួកគេបញ្ចូលកម្មវិធីមេរោគទៅវិញ។
ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យា សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ទាំងឡាយណាដែលលោកអ្នក ទទួលបានតាមរយៈអ៊ីមែល ឬតាមរយៈកម្មវិធីទំនាក់ទំនងសង្គម ជាពិសេសសូមកុំចុចនៅលើតំណភ្ជាប់ ដែលលោកអ្នកជួបប្រទះនៅក្នុងគេហទំព័រ មួយចំនួនដែលមិនមានប្រភពច្បាស់លាស់ ៕