នយោបាយ

សម្តេចតេជោ ៖ កម្ពុជាមិនក្លាយ ជាអន្ទាក់បំណុលចិន ហើយចិនក៏មិនដាក់កម្ពុជា ជាអន្ទាក់បំណុលដែរ

ភ្នំពេញ ៖ ឆ្លើយតបទៅនឹងសំណួរ របស់ភាគីជប៉ុន ក្នុងសន្និសីទ អន្តរជាតិលើកទី២៧ ស្តីពីអនាគត របស់អាស៊ី ធ្វើឡើងនៅជប៉ុន នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះស្តីពីបំណុលរបស់កម្ពុជា ជាមួយចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញជំនឿចិត្ត យ៉ាងច្បាស់លាស់ថា ចិននឹងមិនដាក់កម្ពុជា ជាអន្ទាក់បំណុលរបស់ចិននោះទេ ។

សម្តេចតេជោ បន្តរៀបរាប់ពីកម្ពុជា បានខ្ចីបំណុលពីបណ្តាប្រទេសជាច្រើន មិនមែនតែចិនមួយនោះទេ ។ សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “សម្រាប់កម្ពុជា គឺមិនដាក់ខ្លួន ទៅក្នុងអន្ទាក់ របស់អ្នកណាទាំងអស់ ហើយចិនក៏មិនមែន ជាប្រទេសតែមួយគត ដែលយើងខ្ញុំខ្ចីប្រាក់នោះដែរ ។ ជប៉ុនយើងខ្ញុំខ្ចីប្រាក់ច្រើន ជាមួយនឹងប្រទេសដទៃ យើងខ្ញុំក៏ខ្ចីប្រាក់ដូចគ្នា ។ ខ្ញុំសូមជម្រាបថា អ្វីដែលយើងខ្ញុំខ្ចី យើងខ្ញុំមានការប្រុងប្រយ័ត្នខ្លួនឯង” ។

មូលហេតុដែលសម្តេចថា មានការប្រយ័ត្ននោះ ក៏ព្រោះកម្ពុជាមានច្បាប់ខ្ចីបុលបរទេស ។ សម្តេចថា មកដល់បច្ចុប្បន្ន សម្រាប់ពិដានក្នុងការខ្ចីរបស់កម្ពុជា មានត្រឹមតែ២៣ភាគរយប៉ុណ្ណោះ ខណៈពិដាននៃការឲ្យខ្ចី គឺមានរហូតទៅដល់៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុប ដូច្នេះទំហំនៃការខ្ចីមានច្រើនទៀត ។ សម្តេចថា កម្ពុជាមិនមែនចេះតែខ្ចីបុលពីបរទេស ដោយមិនគិតគូពីបំណុលបរទេសនោះទេ ។

សម្តេចតេជោបន្ថែមថា “ដូច្នេះខ្ញុំមិនយល់ថា ចិនដាក់អន្ទាក់របស់យើងខ្ញុំ តាមរយៈការផ្តល់ហិរញ្ញប្បទាន ឲ្យកម្ពុជានោះទេ ហើយខ្ញុំក៏មិនគិតថា ជប៉ុនដាក់អន្ទាក់យើង ខ្ញុំទៅលើបញ្ហាការខ្ចីបុលជប៉ុន សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺកំពង់ផែទឹកជ្រៅនៅឯខេត្តព្រះសីហនុ”

សម្តេចនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជាមិនដាក់ខ្លួនទៅជាកូនបំណុល របស់អ្នកណាមួយនោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាសម្តេចក៏ទទួលស្គាល់ថា ចិនពិតបានជាផ្តល់ជាមូលដ្ឋានដល់កម្ពុជា។ សម្តេចថា នេះជាបញ្ហាពិតប្រាកដ ។

នាឱកាសនោះ សម្តេចក៏បានរំលឹកថា បើមិនឲ្យសម្តេចពឹងមិត្តចិន តើទៅពឹងអ្នកណា ខណៈស្ពានឆ្លងកាត់ទន្លេជាច្រើន រួមទាំងផ្លូវជាច្រើនពាន់គីឡូម៉ែត្រ ផ្លូវល្បឿនលឿន និងវារីអគ្គិសនីជាដើម គឺជាការវិនិយោគរបស់ចិននៅកម្ពុជា ។

សម្តេចបានបញ្ជាក់ដាច់ណាត់ថា “យើងខ្ញុំមិនក្លាយ ទៅជាកូនបំណុលតែមួយគត ហើយជាអន្ទាក់បំណុល ដែលចិនត្រូវដាក់ ហើយចិនក៏គ្មានបំណងដាក់កម្ពុជា ជាកូនអន្ទាក់បំណុល របស់ចិនដែរ”

បើតាមសៀវភៅថវិកា សង្ខេប ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមខែធ្នូឆ្នាំ២០២០ កម្ពុជា ជំពាក់បំណុលបរទេស ចំនួន៨៤០៤ លានដុល្លារ។ ក្នុងសន្និធិបំណុល ៨.៤ ពាន់លានដុល្លារនេះ ចិនជាម្ចាស់បំណុលធំជាងគេ ដែលមានចំណែកដល់៤៥% នៃបំណុលរបស់កម្ពុជាសរុប ។ ក្រៅពីនេះកម្ពុជា ជាប់បំណុលពហុភាគី នៃស្ថាប័នអន្តរជាតិ ចំនួន៣០% ។ បន្ទាប់ពីនេះ គឺរួមមានម្ចាស់បំណុល ដូចជា ជប៉ុន កូរ៉េខាងត្បូងជាដើម ។

សម្រាប់ឆ្នាំ២០២១ កន្លងមក រាជរដ្ឋាភិបាលគ្រោងខ្ចីបន្ថែម ក្នុងពិដាន១៥០០លានSDR ឬ ប្រមាណ ២.១ពាន់លានដុល្លារ សម្រាប់យកមកប្រើ ក្នុងគម្រោងវិនិយោគ សាធារណៈចំនួន៣៦គម្រោង ៕

To Top