ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ បណ្ដាប្រទេសទាំងអស់ត្រូវប្រកាន់យកឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍នៃសន្តិសហវិជ្ជមាន ការមិនជ្រៀតជ្រែក និងការគោរពគ្នាទៅវិញ ទៅមក។
ក្នុងសន្និសីទអន្ដរជាតិ លេីកទី២៧ ស្ដីពីអនាគតរបស់អាសុី ក្រោមមូលបទ ការកំណត់ឡេីងវិញនូវតួនាទីរបស់ទ្វីបអាសុី នៅក្នុងពិភពលោកដែលបែកខ្ញែក នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បណ្តាប្រទេសអាស៊ី ត្រូវអំពាវនាវ ដោយឈរលើគោលជំហររួមគ្នាប្រកបដោយសង្គតិភាព ឱ្យប្រទេសទាំងអស់គោរពអធិបតេយ្យភាព និងឯករាជ្យភាព គ្នាទៅវិញទៅមក រួមទាំងជម្រើសនៃការដឹកនាំ ដែលស្របតាមលក្ខខណ្ឌ និង លក្ខណៈពិសេសរបស់ប្រទេសនីមួយៗ ។
សម្ដេចតេជោ បញ្ជាក់ ថា “ទន្ទឹមនេះដែរ ប្រទេសទាំងអស់ត្រូវប្រកាន់យកឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍នៃសន្តិសហវិជ្ជមាន ការមិនជ្រៀតជ្រែក និងការគោរពទៅវិញ ទៅមក នូវជីវភាពរស់នៅ ប្រពៃណី ទំនៀមទំលាប់ និងប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗ ដែលនេះជាគុណ តម្លៃសំខាន់បំផុត ក្នុងការធានាឱ្យបាននូវការអភិវឌ្ឍជាសកល ប្រកបដោយចីរភាព និងបរិយាបន្ន”។
សម្ដេចតេជោ បន្ដថា ការប្រកាន់ខ្ជាប់នូវគោលការណ៍ «ពហុភាគីនិយម» និង «កិច្ចសហប្រតិបត្តិការអន្តរជាតិផ្អែក លើវិធាននៃច្បាប់» គឺជាវិធានពីរ ដែលអាស៊ីត្រូវតែបន្តប្រកាន់យក ។ សម្ដេច ថា “យើងមិនត្រូវបណ្ដោយឱ្យប្រទេសណា មួយទទួលរងនូវការបន្ទច់បង្អាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ តាមរយៈការរងគ្រោះដោយការដាក់ទណ្ឌកម្ម ជាឯកតោភាគី, ការហាមឃាត់ ឬ ការដាក់វិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងៗ ដែលបំពានទៅលើច្បាប់ អន្តរជាតិ ព្រមទាំងគោលការណ៍ និង គោលបំណងស្នូល ដែលមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជា ជាតិនោះឡើយ”។
សម្ដេចតេជោ ហ៊ុន សែន បានលើក ឡេីងថា បណ្តាប្រទេសអាស៊ីត្រូវតែធ្វើការព្រមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុង តំបន់ ដែលមានលក្ខណៈបើកចំហ, មានតម្លាភាព, ប្រកបដោយបរិយាបន្នបំពេញបន្ថែម និង ផ្ដល់ផល ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។ តួយ៉ាង, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាគំរូដ៏ល្អបំផុតមួយ នៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ ប្រកបដោយបរិយាបន្ន ដែលផ្អែកលើវិធាននៃច្បាប់ និង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពិតប្រាកដរបស់យើង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់៕