ព័ត៌មានជាតិ

គ.ជ.ប ពន្យារពេល ដាក់ និងការទទួលពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍ជាតិសម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចពន្យារពេល ៣ថ្ងៃទៀត សម្រាប់ការដាក់ និងទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប នាថ្ងៃទី២៦ ឧសភា បានឲ្យដឹងថា យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះ ឈ្មោះអ្នកសង្កេតការណ៍ជាតិ ត្រូវបញ្ចប់នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

គ.ជ.ប បានបញ្ជាក់ថា “អាស្រ័យ ដោយហេតុថា មានសំណូមពរពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានស្នើសុំមក គ.ជ.ប ឱ្យពន្យារពេលនៃការដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ដោយមូលហេតុសាមី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល រៀបចំអ្នកសង្កេតការណ៍របស់ខ្លួនមិនបានទាន់ពេលវេលា”។

គ.ជ.ប បានបញ្ជាក់ទៀតថា ក្នុងគោលបំណងឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមានឱកាសបានដាក់អ្នក សង្កេតការណ៍របស់ខ្លួន ចូលរួមសង្កេតការណ៍មើលដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ គ.ជ.ប បានសម្រេចពន្យារពេលនៃការដាក់ និងការទទួល ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៧:៣០ នាទី។

គ.ជ.ប ក៏បានអំពាវនាវឱ្យ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជ្រាប និងយកចិត្តទុកដាក់ អនុវត្តឱ្យបានទាន់ពេលវេលា ដើម្បីជំរុញឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងមានតម្លាភាព៕

To Top