ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា តាំងពីថ្ងៃឃោសនាបោឆ្នោតមក រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ គ.ជ.ប ទទួលបាន បណ្ដឹង៣៣បណ្តឹង ដែលភាគច្រើន គឺគណបក្សប្រជាជនកម្ពុជា ប្តឹងគណបក្សភ្លើងទៀន ដោយសារប្រើពាក្យប្រមាថ និងមាក់ងាយ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ គ.ជ.ប ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីសភាពការណ៍ទូទៅជុំវិញដំណើរការ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានវាយតម្លៃថា ដំណើរការ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់ អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការ ពីភាគីពាក់ព័ន្ធនានា បានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងឃុំ សង្កាត់ ។
លោក បញ្ជាក់ថា «គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ មានពាក្យបណ្ដឹងចំនួន ៣៣ ហើយត្រូវបានគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត បានដោះស្រាយ និងកំពុងធ្វើការដោះស្រាយទាំងនោះទៅតាមនីតិវិធី»។

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ បានលើកជាសំណួរពាក់ព័ន្ធនឹងបណ្ដឹងទាំងនោះ។ គ.ជ.ប បានឆ្លើយតបបញ្ជាក់ថា «ពាក្យបណ្តឹងភាគច្រើន គឺជាពាក្យបណ្តឹង របស់តំណាង គណបក្សប្រជាជនកម្ពុជា ប្តឹងតំណាងគណបក្សភ្លើងទៀន ថាបានប្រើពាក្យប្រមាថ មាក់ងាយទៅលើបេក្ខជន គណបក្សប្រជាជនកម្ពុជា ក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួន ដែលផ្ទុយគោលការណ៍ទូទៅសម្រាប់ ការឃោសនាបោះឆ្នោត ដែលកំណត់ក្នុងច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់»៕
