ភ្នំពេញ: លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ប្រធានយុវជន គណបក្សថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារ និងក្រុមសកម្មជន យុវជនគណបក្ស ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ។

លោក ម៉ាណែត បានរំលេចថា ភាពសកម្មរស់រវើក របស់សមាជិក សមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅក្នុងស្រុកស្រីសន្ធរ ក៏ដូចជា នៅទូទាំងប្រទេស ពិតជាបានបង្ហាញ ឱ្យឃើញនូវកម្លាំង ថាមពលដ៏ខ្លាំងក្លា របស់គណបក្ស យើង ជាពិសេសការគាំទ្រ ប្រកបដោយការជឿជាក់ មកលើការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្ស គ្រប់អាណត្តិ កន្លងមកនេះ ដោយបាននាំមកភាពសុខសាន្ត សម្រាប់ជាតិ និងប្រជាជន ។ ពិតណាស់ នៅក្នុងសង្គមប្រជាធិបតេយ្យ យើងអាចមានជម្រើសច្រើន ប៉ុន្តែយើងមិនត្រូវបោះឆ្នោត ដើម្បីតែប្រយោជន៍ របស់គណបក្សណាមួយនោះឡើយ ។ គណបក្សនយោបាយ គ្រាន់តែជាបេក្ខភាព ដើម្បីបម្រើរាស្ត្រតែប៉ុណ្ណោះ ។ ដូច្នេះ គឺជាការចាំបាច់ណាស់ ដែលយើងត្រូវបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីគ្រួសារ និងដើម្បីសង្គមជាតិយើង។

លោក បន្តថា ក្នុងន័យនេះ គណបក្សដែលល្អបំផុត គឺគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែង បានផ្តល់នូវភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ដោយគ្មានការរើសអើងបែងចែក និងជាគណបក្សដែលមានស្នាដៃបទពិសោធន៍ក្នុងអតីតកាល, មានសមត្ថភាពថែរក្សាលំនឹងស្ថិរភាព ក្នុងបច្ចុប្បន្នកាល និងអាចធានាបាននូវទំនុកចិត្ត សម្រាប់អនាគតមួយដ៏ភ្លឺស្វាង។ ជាក់ស្តែង ក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានងើបចេញពីវាលពិឃាត និងគំនរផេះផង់ រហូតក្លាយខ្លួនជាកោះសន្តិភាព, ជាគោលដៅទេសចរណ៍ លំដាប់ពិភពលោក, ជាប្រទេស ដែលមានកំណើន សេដ្ឋកិច្ចខ្ពស់ជាប់ ចំណាត់ថ្នាក់, ជាប្រទេសប្តូរ ពីមានចំណូលទាបមកជាចំណូលមធ្យម, ជាប្រទេសជាប់ចំណាត់ថ្នាក់លើ ការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអ្វីដែលសំខាន់ ជាប្រទេសដែលផ្តល់ឱកាស និងលំហរសេរីភាពគ្រប់បែបយ៉ាង ដល់ប្រជាពលរដ្ឋ ជាពិសេសឱកាស សម្រាប់ការអភិវឌ្ឍខ្លួន ដល់យុវជន និងកុមារ ក្នុងនាមជាអ្នកជំនាន់ក្រោយ នៃសម័យកាលសង្គ្រាម ។

លោកបណ្ឌិត បន្ថែមថា ជារួម គឺគ្មានគណបក្សណាក្រៅ ពីគណបក្សប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ដឹកនាំប្រទេសជាក់ស្តែង ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ហើយក៏បានចូលរួមនៅក្នុងការប្រកួតប្រជែង តាមបែបប្រជាធិបតេយ្យ ដោយមានការប្តេជ្ញាចិត្ត និងទំនុកចិត្តខ្ពស់បំផុត។ សូមឆ្លៀតឱកាសថ្លែង អំណរគុណ ចំពោះប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ ដែលតែងបានផ្តល់ការគាំទ្រយ៉ាងលើសលប់ និងបានបោះឆ្នោត ជូនគណបក្សប្រជាជន ក្នុងគ្រប់អាណត្តិកន្លងមក ពីព្រោះមាន តែអ្នកស្រុកស្រីសន្ធរផ្ទាល់ ជាអ្នកបានឆ្លងកាត់ផ្ទាល់ និងស្គាល់ច្បាស់អំពីការ អភិវឌ្ឍរីកចម្រើនជាក់ស្តែង នៅក្នុងមូលដ្ឋានរបស់ខ្លួន និងសូមបន្តគាំទ្រ សំដៅធ្វើយ៉ាង ណារក្សាប្រៀបឈ្នះ និងទទួលបានជោគជ័យ ឱ្យបានលើសលប់បន្តទៀត។ ការអភិវឌ្ឍរីកចម្រើន នៅក្នុងមូលដ្ឋាននេះ ទាំងក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ រួមមាន វត្តអារាម ផ្លូវបេតុង ស្ពាន សាលារៀន មណ្ឌលសុខភាព ជាដើម ដែលទាំងអស់នេះ បានកើតឡើងពីការដឹកនាំ និងការបង្ក លក្ខណៈរបស់រាជរដ្ឋាភិបាល ជាពិសេសការរួមកម្លាំង ញើសឈើសឈាម និងកិច្ចខិតខំប្រឹងប្រែង ដ៏យូរឆ្នាំរបស់អាជ្ញាធរដែនដី, ក្រុមការងារគ្រប់យន្តការ, សប្បុរសជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ រហូតសម្រេចបាននូវវឌ្ឍនភាព សម្រាប់ភូមិឃុំយើងក្រោមម្លប់និរន្តរភាពនៃសន្តិភាព ស្ថិរភាព ដូចពេលនេះ ដោយមិនអាចកើតឡើង ក្នុងត្រឹមមួយប៉ប្រិចភ្នែកបានឡើយ ។

លោកបណ្ឌិត លើកឡើងថា ដូច្នេះ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដែលនឹងឈានមកដល់ឆាប់ៗនេះ សូមបន្តរួមរស់នៅក្នុងភាពកក់ក្តៅ និងបន្តជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមរយៈយុទ្ធការ “សមាជិកបក្សម្នាក់ អ្នកគាំទ្របក្សម្នាក់ មានសន្លឹកឆ្នោតមួយសន្លឹកជូនបក្ស” ដើម្បីប្រើប្រាស់សិទ្ធិក្នុងនាមជាពលរដ្ឋម្ចាស់ប្រទេស ដោយសម្រេចជ្រើសរើសបក្ស ដែលមានការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន ដូចដែលបានធ្វើកន្លងមក ហើយក៏នឹងខិតខំបន្តជំរុញ ប្រសិទ្ធភាពការងារទៅមុខទៀត តាមរយៈការពង្រឹងចំណុចខ្លាំង និងកែលម្អចំណុចខ្វះខាតដែលមាន ពីព្រោះនៅលើពិភពលោក មិនអាចមានរដ្ឋាភិបាលណាដែលអាចឆ្លើយតបនឹងសំណូមពរប្រជាពលរដ្ឋឱ្យគ្រប់ ១០០% នោះទេ ។ រដ្ឋាភិបាលណាក៏ដោយ ទោះបីអាចដោះស្រាយបញ្ហាបានទាំងអស់ ក៏នឹងត្រូវខិតខំប្រឹងប្រែង បន្ថែមទៀត ដើម្បីឱ្យទាន់សំណូមពរ របស់ប្រជាពលរដ្ឋ ដែលបន្តកើនឡើង ។ ចំពោះជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលដឹកនាំដោយគណបក្សប្រជាជនវិញ គឺតែងបានធ្វើការ បូកសរុប និងវាយតម្លៃលទ្ធផលការងារ ជាប្រចាំក្នុងគ្រប់អាណត្តិនីមួយៗ ដើម្បីដកពិសោធន៍ចំណុចខ្លាំង ចំណុចខ្សោយ កែលម្អបញ្ហាអវិជ្ជមាន បំពេញបន្ថែមចំណុចខ្វះខាត សំដៅធ្វើយ៉ាងណា បម្រើប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរ ពីមួយអាណត្តិទៅមួយអាណត្តិ “បេះដូង និងឆន្ទៈរបស់មន្ត្រីបក្ស មានតែមួយប៉ុណ្ណោះ គឺបម្រើជាតិ និងប្រជាជន ដោយឥតរុញរា ក្នុងគ្រប់កាលៈទេសៈទាំងអស់” ៕

























